(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានផ្ញើសារលិខិត សូមថ្លែងអំណរគុណដោយក្តីគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចំពោះសារលិខិតជូនពរ លោកជំទាវបណ្ឌិត ប្រកបទៅដោយអត្ថន័យយ៉ាងកក់ក្តៅ និងយកចិត្តទុកដាក់ ក្នុងថ្ងៃខួបកំណើតរបស់ លោកជំទាវបណ្ឌិត នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ។
សារលិខិតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានខ្លឹមសារទាំងស្រុងថា៖ «នាងខ្ញុំសូមគោរពសម្ដែងនូវសេចក្ដីថ្លែងអំណរគុណ ប្រកបដោយក្តីរំភើបរីករាយ និងមនោសញ្ចេតនាគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ដែលសម្តេច បានផ្ញើសារជូនពរយ៉ាងកក់ក្តៅ និងយកចិត្តទុកដាក់ដល់រូបនាងខ្ញុំ ក្នុងឱកាសខួបកំណើតនាងខ្ញុំ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នេះ។
ជាមួយគ្នានេះ នាងខ្ញុំ សូមសម្តែងនូវការគោរពដឹងគុណ និងកោតសរសើរដ៏ស្មោះស្ម័គ្របំផុត ចំពោះស្នាដៃដឹកនាំប្រទេសដ៏ឈ្លាសវៃបំផុត ប្រកបដោយភាពប្រាកដនិយម មនសិការស្រលាញ់ប្រទេសជាតិ និងប្រជាជន ព្រមទាំងការលះបង់គ្រប់បែបយ៉ាង និងមិនអាចប្រៀបផ្ទឹមបានរបស់ សម្ដេចតេជោ ដោយសម្រេចបានសមិទ្ធផលជាច្រើនជូនជាតិ មាតុភូមិ នារយៈកាលកន្លងមក ជាពិសេសការសម្រេចបាននូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងសន្តិភាពពេញលេញ ព្រមទាំងធានាបាននូវស្ថិរភាពនយោបាយយូរអង្វែង និងការអភិវឌ្ឍលើគ្រប់វិស័យ។
ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំ សូមឧទ្ទិសបួងសួងដល់ទេវតាឆ្នាំថ្មី គុណបុណ្យព្រះរតនត្រ័យ និងឫទ្ធិបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក សូមប្រោះព្រំសព្ទសាធុការពរជ័យ បវរមហាប្រសើរថ្លៃថ្លា ជូនចំពោះសម្តេចតេជោប្រធានព្រឹទ្ធសភា សូមបានប្រកបដោយសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួនខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ជន្មាយុយឺនយូរ មានសុខសុភមង្គលក្នុងក្រុមគ្រួសារ និងសម្រេចជោគជ័យថ្មីៗបន្ថែមទៀត ជូនព្រះរាជាណាចក្រកម្ពុជា។
ជាថ្មីម្ដងទៀត នាងខ្ញុំ សូមគោរពជូនពរ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕


