ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តរតនគិរី


បន្ទាប់ពី បានដំណើរការរយ:ពេល១ថ្ងៃកន្លះ សន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តរតនគិរី ត្រូវបានប្រារព្ធបិទ ព្រឹកថ្ងៃទី២២ ខែកមរា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី។

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានលើកឡើងថា រយ:ពេល១ថ្ងៃកន្លះមកនេះ អង្គសន្និបាតបានធ្វើការវាយតម្លៃខ្ពស់ចំពោះការចូលរួមពីមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់ អាវុធ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ អង្គការដៃគូអភិវឌ្ឍន៍ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹង ប្រែងសហការរួមគ្នាសម្រេចបាននូវសមិទ្ធផលនានា ជាច្រើនក្នុងឆ្នាំ២០២៥។ ជាមួយនេះ អង្គសន្និបាត ទាំងមូលបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីបន្តថែរក្សាសមិទ្ធផលចាស់ ពង្រីកសមិទ្ធផលថ្មី និងពុះពារជម្នះ គ្រប់ឧបសគ្គ រិះរកវិធីដោះស្រាយរាល់បញ្ហាប្រឈមដែលនៅសេសសល់ ដោយបានឯកភាពទៅលើ ទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត ដើម្បីសម្រេចបាននូវចក្ខុវិស័យដែលបានឆ្លុះបញ្ចាំងក្នុង ផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត ស្របតាមយុទ្ធសាស្ត្របញ្ជា កោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកប ដោយភាពឈ្លាសវៃ និងមុតស្រួចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម អភិបាលខេត្តបន្តថា អង្គសន្និបាតក៏បានដាក់ចេញជាទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តបន្តសម្រាប់ឆ្នាំ២០២៦ រួមមានដូចខាងក្រោម៖

១.បន្តខិតខំពង្រឹង និងថែរក្សាការពារឱ្យបាននូវឯករាជ្យ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី សន្តិភាព និងស្ថិរភាពនយោបាយ បង្កបរិយាកាសដល់ការអភិវឌ្ឍ សេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម និង ធានាការពារលើកស្ទួយសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋ ដោយផ្អែកលើរដ្ឋធម្មនុញ្ញ នឹងបញ្ញត្តិ ច្បាប់ជាធរមាន សំដៅជំរុញលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស យុត្តិធម៌សង្គម និងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ និងបន្តពង្រឹងការលើកកម្ពស់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ទន្ទឹមនឹងការពង្រឹងអនុវត្តច្បាប់ ដោយបង្ក្រាបរាល់បទល្មើសដែលកើតឡើងនៅក្នុងភូមិសាស្ត្រខេត្ត ទប់ស្កាត់ឱ្យបានជាអតិបរិមារាល់បទល្មើសដែលកើតឡើង។

២.បន្តពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង សំដៅកសាងព្រំដែន សន្តិភាព មិត្តភាព សហប្រតិបត្តិការលើគ្រប់វិស័យ។

៣. បន្តពង្រឹងយន្តការគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ សំដៅធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងនោះផ្តោតលើការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាដូចជា លួច ឆក់ ប្លន់ ឧក្រិដ្ឋកម្ម ក្មេងទំនើង គ្រឿងញៀន ល្បែងអនឡាញ ល្បែងស៊ីសងខុសច្បាប់ និងការឆបោក តាមប្រព័ន្ធអនឡាញជាដើម។ ជាមួយនេះត្រូវអនុវត្តដោយម៉ឺងម៉ាត់នូវអនុក្រឹត្យលេខ០៣ អនក្រ.បក ចុះ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ សំដៅ ស្កាត់ និងបង្ក្រាបរាលអំពើដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ប្រទេសកម្ពុជា។

៤.បន្តពង្រឹងការបើកវគ្គហ្វឹកហាត់ បណ្តុះបណ្តាល បង្កើនសមត្ថភាព និងជំនាញបច្ចេកទេស និង បំពាក់បំប៉នស្មារតីក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទដល់មន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ ដើម្បីដើរឱ្យទាន់សភាពការ និងការវិវដ្តនៃសង្គម បច្ចេកវិទ្យា។

៥. បន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលគ្រប់ប្រភេទជូនប្រជាពលរដ្ឋ ឱ្យ កាន់តែមានប្រសិទ្ធភាព និងត្រូវពង្រឹងការផ្តល់សេវាតាមរយៈអង្គភាពច្រកចេញចូលតែមួយ ការិយាល័យ ច្រកចេញចូលតែមួយ និងយន្តការច្រកចេញចូលតែមួយ គោរពឱ្យបានខ្ចប់ខ្ជួននូវគោលការណ៍ ស្តង់ដា ដែលបានកំណត់ ព្រមទាំងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈអ្នកផ្តល់សេវា ដោយចាត់វិធានការម៉ឺងម៉ាត់ចំពោះមន្ត្រីរូបណាដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ។

៦. រៀបចំវេទិកាពិគ្រោះយោបល់ប្រចាំឆ្នាំ រវាងថ្នាក់ដឹកនាំ អាជីវករ ពាណិជ្ជករ និងមន្ត្រី ជំនាញពាក់ព័ន្ធ។៧.ជំរុញការផ្សព្វផ្សាយ និងការផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរដែលទើបវិល ត្រលប់ពីប្រទេសថៃ និងពលរដ្ឋខ្មែរពុំទាន់មានឯកសារគ្រប់គ្រាន់ ដោយមិនត្រូវទុកឱ្យពលរដ្ឋខ្មែរណាម្នាក់ក្នុងនាមអង្គសន្និបាតទាំងមូល។

ថ្លែងបិទអង្គសន្និបាតនាពេលនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា បានសម្តែងនូវ សេចក្តីសោមនស្សរីករាយដោយបានចូលរួមជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តរតនគិរីនៅថ្ងៃនេះ​ ដោយបានប្រព្រឹត្តទៅរយៈពេល ១ថ្ងៃ កន្លះ ដោយដំណើរការទៅដោយរលូនស្របទៅតាមរបៀបវារៈ និងកម្មវិធីដែលបានគ្រោងទុក ដោយមានសមាសភាពចូលរួមមកពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់នៅក្នុងរដ្ឋបាលខេត្តរតនគិរី។

ឯកឧត្តមបានផ្តាំផ្ញើនូវកិច្ចការសំខាន់ៗ មួយចំនួនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តរតនគិរីនៅក្នុងឆ្នាំ២០២៦​នេះ​ មានដូចខាងក្រោម៖

១-ត្រូវខិតខំរួមគ្នាបន្តពង្រឹង និងថែរក្សាការពារនូវសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានរឹងមាំ។

២-ត្រូវបង្ការទប់ស្កាត់ និងបង្ក្រាបឱ្យខានតែបាននូវរាល់សកម្មភាពឬទង្វើដែលប៉ុនប៉ងធ្វើឱ្យកម្ពុជា ធ្លាក់ចូលទៅក្នុងស្ថានភាពសង្គ្រាម ភាពចលាចល វឹកវរក្នុងសង្គម ដែលរៀបចំដោយក្រុមប្រឆាំងក្បត់ជាតិខុសច្បាប់​មួយចំនួន។

៣-ត្រូវខិតខំស្រាវជ្រាវ និងបង្ការ ទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវរាល់សកម្មភាព ឬការផ្សព្វផ្សាយព័ត៌មានមិនពិត ការញុះញង់ អុចអាលបង្កឱ្យមានអំពើហិង្សា ការប្រឆាំង នឹងអាជ្ញាធរសាធារណៈ និងអសន្តិសុខក្នុងសង្គម ដែលអាចប៉ះពាល់យ៉ាងធ្ងន់ធរដល់សង្គមជាតិ។

៤-ពង្រឹងយន្តការនានាក្នុងការគាំទ្រដល់ការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ដោយមានផែនការច្បាស់លាស់ និងមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ។

៤-ត្រូវពង្រឹងយន្តការគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក នៅក្នុងការគ្រប់គ្រង ដឹកនាំថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយត្រូវរៀបចំកិច្ចប្រជុំដើម្បីពិនិត្យ និងវាយតម្លៃសភាពការណ៍។

៦-ត្រូវបន្តជំរុញយុទ្ធនាការប្រយុទ្ធប្រឆាំងនិងបង្ក្រាបឱ្យមានប្រសិទ្ធភាពនូវ​បទល្មើស​ (អនឡាញស្គែម)​ គ្រឿងញៀនខុសច្បាប់ ឱ្យកាន់តែសកម្មព្រមៗគ្នានៅ តាមមូលដ្ឋានរៀងៗខ្លួន និងត្រូវបំផុសចលនាប្រជាជនឱ្យចូលរួមកសាង “ភូមិ ឃុំ សង្កាត់គំរូគ្មានគ្រឿងញៀន”ដែលចិត្តទុកដាក់ខ្ពល់លើបញ្ហាទាំងអស់នេះ។

៧-ត្រូវបន្តលើកកម្ពស់ការពង្រឹងសណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ លើការពង្រឹងកា​​អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ សំពង្រឹងការការអនុវត្តឱ្យមានប្រសិទ្ធភាព​ ជាពិសេសការផ្សព្វផ្សាយអប់រំ និងការណែនាំផ្ទាល់នៅហ្នឹងកន្លែងឱ្យប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមសហការគោរពច្បាប់ទាំងអស់គ្នា៕