សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅអ្នកដែលអះអាងថាខ្លួនជាកូនប្រុស ហ៊ុន កំសត់ របស់សម្តេចចាប់ជាតិ ឈប់យកការឈឺចាប់របស់សម្តេចមកបោកប្រាស់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតទៅទៀត


សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ បានបង្ហោះសារលើបណ្តាញសង្គមផ្លូវការ ដោយប្រាប់ទៅអ្នកដែលអះអាងថាខ្លួនជា កូនប្រុស ហ៊ុន កំសត់ របស់សម្តេចចាប់ជាតិនោះ ឱ្យបញ្ឈប់ការប្រើប្រាស់ការឈឺចាប់របស់សម្តេចកាលពី ៥០ឆ្នាំមុន មកបោកប្រាស់តទៅទៀត។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារដូច្នេះថា «សូមបញ្ឈប់ប្រើប្រាស់ការឈឺចាប់របស់ខ្ញុំ កាលពី៥០មុនមកបោកប្រាស់ខ្ញុំតទៅទៀតទៅ។ ក្រោយរំដោះចេញពីរបបប៉ុល ពតឆ្នាំ១៩៧៩ ពិសេសក្រោយពេលដែលខ្ញុំ និយាយពីរឿងកូនស្លាប់ ដោយមានភាគនិទាន និងភាពយន្តរឿងកូនប្រុស ក្រោមពន្លឺព្រះចន្ទពេញបូណ៍មីមកមានមនុស្សមិនតិចជាង ២០នាក់ទេ ដែលបន្លំខ្លួនធ្វើជាកំសត់កូនប្រុសខ្ញុំ ដែលបានស្លាប់ទៅនោះមកចាប់ជាតិ។

មនុស្សទាំងនោះខ្លះសរសេរជាសំបុត្របញ្ជូនឱ្យខ្ញុំ ខ្លះចុះតាមទស្សនាវដ្តី និងចុងក្រោយបង្ហោះតាមបណ្តាញសង្គមដូចជា Facebook ជាដើម។ ករណីចុងក្រោយហាក់ដូចធ្ងន់បន្តិច មានទាំងអត្ថបទមានទាំងសារឆ្លើយឆ្លងជាមួយមនុស្សដែលស្គាល់ telegram របស់ខ្ញុំ។ ខ្ញុំសូមអំពាវនាវដល់អ្នកភូតកុហក ឈប់ប្រើការឈឺចាប់របស់ខ្ញុំ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតទៅទៀតទៅ»៕