អគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ បានរៀបចំពិធីសន្និបាតបូកសរុបត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ ដើម្បីបង្ហាញពីសមិទ្ធផលសំខាន់ៗ ដែលសម្រេចបាន ជាពិសេសការគ្រប់គ្រង និងការអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងមហាផ្ទៃ។
ពិធីបើកសន្និបាតបូកសរុបត្រួតពិនិត្យលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានធនធានមនុស្ស រៀបចំឡើង ក្រោមវត្តមាននាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស និងមានការអញ្ជើញចូលរួមពី តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន និងអង្គភាពថ្នាក់ប្រហាក់ប្រហែល តំណាងរដ្ឋបាលរាជធានី ខេត្ត តំណាងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គនាយកដ្ឋានធនធានមនុស្ស ព្រមទាំងសមាជិក សមាជិកា សរុបប្រមាណជាង ៥០០រូប នៅសាលប្រជុំអគារ S នៃទីស្ដីការក្រសួងមហាផ្ទៃ។
ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី មានប្រសាសន៍ថា អគ្គនាយកដ្ឋានធនធានមនុស្ស បានខិតខំយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍សមត្ថភាពមន្រ្តីទាំងបីគ្របខណ្ឌ រួមមានមន្រ្តីនគរបាលជាតិ មន្រ្តីពន្ធនាគារ និងមន្រ្តីរាជការស៊ីវិលដែលស្ថិតក្រោម សមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃឱ្យមានប្រសិទ្ធភាពខ្ពស់។
ព្រមជាមួយគ្នានេះ អគ្គនាយកដ្ឋានធនធានមនុស្ស បានផ្តួចផ្តើមគំនិតបង្កើត និងសម្រួលគោលនយោបាយ ផែនការ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិ ពាក់ព័ន្ធការងារបុគ្គលិក លើកកម្ពស់ប្រសិទ្ធភាព និងការទទួលខុសត្រូវក្នុងការអនុវត្ត ,រៀបចំផែនការអភិវឌ្ឍន៍ធនធានមនុស្ស ព្យាករណ៍ពីតម្រូវការធនធានមនុស្ស ផែនការជ្រើសរើសក្របខណ្ឌថ្មី សម្រាប់មន្រ្តីនគរបាលជាតិ មន្រ្តីរាជការស៊ីវិល មន្រ្តីពន្ធធនាគារ និងមន្រ្តីជាប់កិច្ចសន្យា ព្រមទាំងរៀបចំការប្រឡងប្រជែង ជ្រើសរើសអនុលោមតាមនិយាមនិតីវិធីប្រតិបត្តិ SOP កសាងផែនការបណ្តុះបណ្តាលជំនាញ ឱ្យស្របតាមបរិបទបច្ចុប្បន្ន និងអនាគត ដើម្បីពង្រឹងសមត្ថភាព និងលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈមន្រ្តីរាជការរបស់យើង។
លើសពីនេះទៅទៀត អគ្គនាយកដ្ឋានធនធានមនុស្ស បានពិនិត្យ និងផ្តល់យោបល់ លើសំណើររបស់អង្គភាពនានាចំណុះក្រសួងមហាផ្ទៃ អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលរាជធានីខេត្តជូនរដ្ឋមន្រ្តីក្រសួងមហាផ្ទៃពាក់ព័ន្ធនឹងការងារបុគ្គលិកស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តិ និងពិនិត្យ និងផ្តល់យោបល់លើសំណើរ និងកែសម្រួលបង្កើតរចនាសម្ព័ន្ធអង្គភាពនានា ចំណុះក្រសួងមហាផ្ទៃការពិនិត្យឡើងវិញ ការវិភាជមុខងារ និងរចនាសម្ព័ន្ធអង្គភាពចំណុះក្រសួងមហាផ្ទៃផងដែរ។
នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី មានប្រសាសន៍ថា អគ្គនាយកដ្ឋានធនធានមនុស្សនឹងបន្តសម្របសម្រួល និងពង្រឹងទំនាក់ទំនងល្អជាមួយអង្គភាពនានាចំណុះឱ្យក្រសួងមហាផ្ទៃ អង្គភាពថ្នាក់ប្រហាក់ប្រហែល និងរដ្ឋបាលរាជធានីខេត្តពាក់ព័ន្ធនឹងការងារបុគ្គលិក ដើម្បីរួមគ្នារៀបចំធនធានមនុស្សរបស់ក្រសួងមហាផ្ទៃឱ្យសម្រេចបានជោគជ័យ៕














