នៅរសៀលថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦នេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានអនុញ្ញាតឱ្យនាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក នៃកងទ័ពជើងទឹកអាមេរិក ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅមូលដ្ឋានសមុទ្ររាម។
នាយឧត្តមនាវី Samuel Paparo បំពេញទស្សនកិច្ចនៅកម្ពុជា ស្របពេលជាមួយនឹងនាវាចម្បាំងអាមេរិក ចូលមកចតនៅមូលដ្ឋានសមុទ្ររាមរបស់កម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកកម្ពុជា-អាមេរិក។
កាលពីព្រឹកមិញនេះ នាយឧត្តមនាវី Samuel Paparo ក៏បានចូលជួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។
ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ជំនួបរវាងសម្តេចមហាបវរធិបតី និងមេទ័ពជើងទឹកអាមេរិក ដើម្បីពិភាក្សាពីទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងវិស័យការពារជាតិ និងវិធីពង្រឹងចំណងទាក់ទងទ្វេភាគី និងការការគាំទ្រដល់ស្ថិរភាពតំបន់។
កិច្ចពិភាក្សាបានផ្តោតលើការសន្ទនា ទំនុកចិត្តគ្នានិងស្ថិរភាពតំបន់។ សហរដ្ឋអាមេរិក និងកម្ពុជានឹងធ្វើការប្រកៀកស្មាគ្នា ដើម្បីលើកស្ទួយតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមានភាពសេរី និងបើកចំហ។
នៅល្ងាចថ្ងៃនេះ មេទ័ពជើងទឹកអាមេរិក នាយឧត្តមនាវី Samuel Paparo ក៏នឹងរៀបចំពិធីជប់លៀងលើនាវាដ៏មានអានុភាពរបស់អាមេរិក ដែលកំពុងចតនៅមូលដ្ឋានសមុទ្ររាមផងដែរ។
ជាការកត់សម្គាល់នៅមុនឆ្នាំ២០២៤ កម្ពុជា និងអាមេរិក ហាក់មានការមិនយល់ចិត្តគ្នាមួយចំនួនលើបញ្ហាមូលដ្ឋានសមុទ្ររាម ដោយមានការចោទប្រកាន់ថា កម្ពុជា ផ្តល់មូលដ្ឋានសមុទ្ររាមជាទីតាំងឈរជើងរបស់កងទ័ពជើងទឹកចិន ក្នុងគ្រាដែលកម្ពុជាកែលំអមូលដ្ឋាននេះ ឱ្យកាន់តែល្អប្រសើរ។
ប៉ុន្តែចាប់ពីឆ្នាំ២០២៤មក ទំនាក់ទំនងហាក់ល្អប្រសើរឡើងវិញ ហើយនាវាចម្បាំងអាមេរិក ក៏ចូលមកកាន់សមុទ្រកម្ពុជាវិញ ក្រោយខកខានជាច្រើនឆ្នាំ៕












