នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅសាលាខេត្តសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដើម្បីធានាដល់សន្តិសុខ សុវត្ថិភាពសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ និងដើម្បីមុខមាត់ខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍របស់កម្ពុជាយើង។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យមានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) សូមរាយការណ៍ជូនកងកម្លាំងមានសមត្ថកិច្ច ហើយជំនាញនឹងរក្សាការសម្ងាត់ជូន។ ក្នុងគោលបំណង ដើម្បីធានាដល់សន្តិសុខ សុវត្ថិភាពសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ ដែលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើប្រតិភូកម្មការងារគ្រប់គ្រងការស្នាក់នៅ និងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ជូនរដ្ឋបាលរាជធានី/ខេត្ត ក្រុង ស្រុក ខ័ណ្ឌតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក។
ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកឱ្យសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្កើនការទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសនានានៅតាមមូលដ្ឋាន ពិសេសបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) កុំឱ្យកើតមាននៅក្នុងភូមិសាស្រ្តខេត្តសៀមរាប។ ឯកឧត្តមក៏បានលើកទឹកចិត្តដល់មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវចលនាឱ្យប្រជាពលរដ្ឋធ្វើជាភ្នែកច្រមុះរបស់យើង បើមានការសង្ស័យ ឱ្យគាត់រាយការណ៍មកយើង ហើយត្រូវរក្សាការសម្ងាត់ឱ្យគាត់ ដើម្បីសមត្ថកិច្ចមានវិធានការតាមច្បាប់ឱ្យទាន់ពេលវេលា ចំពោះការប្រមូលផ្ដុំរបស់ជនបរទេសដោយខុសច្បាប់ ៕











