(ពោធិ៍សាត់)៖ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ (គ.ជ.អ.ប.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទកិច្ចប្រជុំក្រុមប្រឹក្សាជាតិ លើកទី២ អាណត្តិទី៤ របស់សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៃព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្តពោធិ៍សាត់ បន្ទាប់ពីបានដំណើរការរយៈពេល ១ថ្ងៃកន្លះ។
លោក សយ កុសល ប្រធានសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានជម្រាបជូនថា កិច្ចប្រជុំនេះមានអ្នកចូលរួមចំនួន២២៥នាក់ ជាសមាជិក សមាជិកា ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន, តំណាងដៃគូរអភិវឌ្ឍន៍នានា និងអង្គការសង្គមស៊ីវិល ដែលមកពី២៥រាជធានីខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា។ គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិនិត្យ និងអនុម័តលើរបាយការណ៍សកម្មភាពការងារ និងហិរញ្ញវត្ថុប្រចាំឆ្នាំ ដែលបានអនុវត្តកន្លងមក និងលើកទិសដៅសម្រាប់ឆ្នាំ២០២៦ ដើម្បីពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ, ពិភាក្សាលើបញ្ហាប្រឈមនានា ដែលរដ្ឋបាលថ្នាក់មូលដ្ឋានបានជួបប្រទះ ក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
លោកបានជម្រាបជូនថា សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានបង្កើតឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ជាសមាគមរដ្ឋបាលមូលដ្ឋាន តំណាងដោយសំឡេង និងការពារផលប្រយោជន៍ស្របច្បាប់ របស់ក្រុមប្រឹក្សាឃុំសង្កាត់នៅកម្ពុជា។ ផ្អែកលើបទពិសោធន៍ និងសមិទ្ធផលដែលសម្រេចបាន មហាសន្និបាតត្រូវបានរៀបចំឡើងនៅថ្ងៃទី៣០ និងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ ដោយបញ្ចូលក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បង្កើតបានជាសម្ព័ន្ធភាពជាតិ សមាគមក្រុមប្រឹក្សាក្រុងស្រុកខណ្ឌឃុំសង្កាត់ នៃព្រះរាជាណាចក្រកម្ពុជា ដែលហៅកាត់ថា សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន។ រយៈពេល១៩ឆ្នាំនេះ សមាគមបានអនុវត្តនូវសកម្មភាពជាច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ពិសេសការអនុវត្តរបស់សមាគមទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដែលឈរលើមូលដ្ឋាននៃការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់អាណត្តិទី៧នេះ។
ឯកឧត្តម សក់ សេដ្ឋា មានប្រសាសន៍ថា សម្ព័ន្ធភាពជាតិត្រូវបានបង្កើតឡើង តាមរយៈការប្រមូលផ្ដុំដោយស្ម័គ្រចិត្ត នូវសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដើម្បីអនុវត្តសកម្មភាព ក្នុងបំណងការពារ និងបម្រើផលប្រយោជន៍រួមរបស់សមាជិក លើកកម្ពស់គុណភាពជីវិត និងសុខមាលភាពប្រជាជន ស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ផ្អែកតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់។
ឯកឧត្តមទេសរដ្ឋមន្ត្រីបន្តថា គ្រប់សមាជិកទាំងអស់ ត្រូវហ៊ានបញ្ចេញមតិយោបល់ ដើម្បីទទួលបាននូវចំណុចវិជ្ជមាន និងចំណុចអវិជ្ជមាន។ ត្រូវកំណត់ទស្សនៈវិស័យ មានគោលដៅ ទិសដៅ និងផែនការយុទ្ធសាស្ត្រច្បាស់លាស់ ដោយគោរពទៅលើច្បាប់របស់រាជរដ្ឋាភិបាល ដែលបានកំណត់តាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងគោលការប្រតិបត្តិរបស់សមាគមដែលបានចែង។ ត្រូវមានតម្លាភាព និងគណនេយ្យភាព ក្នុងការប្រើប្រាស់ថវិកា។ សមាជិកមិនមានការរើសអើងគ្នា ទោះមកពីគណបក្សណាក៍ដោយ។ រួមគ្នាអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ តាមបែបលទ្ធិប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ។ ជាមួយគ្នានេះ លោកបានកោតសរសើរ ដល់សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋានទាំងអស់ ដែលមានស្មារតីយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តការងារ ជាកម្លាំងចលករដ៍សំខាន់ ក្នុងការជម្រុញអភិបាលកិច្ច និងការអភិវឌ្ឍន៍នៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង។
ក្នុងឱកាសនោះក៏មានជូនប័ណ្ណសរសើរ ដល់មេឃុំ ចៅសង្កាត់ ដែលបានកាន់អំណាចចាប់ពីបីអាណត្តិឡើងទៅ, មេឃុំជាជនជាតិភាគតិច, មេឃុំវ័យក្មេង និងអ្នកទទួលបានជ័យលាភី ក្នុងការប្រកួតប្រជែងកម្មវិធីពានរង្វាន់ ស្ត្រីឆ្នើមក្នុងការដឹកនាំនៅមូលដ្ឋាន នៃគម្រោងភាពជាដៃគូ សម្រាប់គំនិតច្នៃប្រឌិតរបស់ទីក្រុង លើការដឹកនាំរបស់ស្ត្រីនៅមូលដ្ឋានផងដែរ៕









































