(ពោធិ៍សាត់)៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តពោធិ៍សាត់ ឈានទៅឆ្លុះកញ្ចក់មើលអតីតកាល ដើម្បីកែលម្អបច្ចុប្បន្ន និងកសាងផែនការដ៏រឹងមាំសម្រាប់អនាគត សំដៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋក្នុងខេត្ត ឱ្យកាន់តែប្រសើរឡើង។
ពិធីនេះត្រូវបានធ្វើឡើង នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្ត ដោយមានការចូលរួមពី ឯកឧត្តម រាជ សុភទ្ទ រដ្ឋលេខាធិការ, នាយឧត្តមសេនីយ៍ ផាង ពៅ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, ក្រុមការងារថ្នាក់ជាតិ, សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, នាយក នាយករងរដ្ឋបាលសាលាខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣, ក្រុមប្រឹក្សា គណៈអភិបាល នាយករដ្ឋបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់, អង្គការសមាគម និងមន្ត្រីរាជការជិត៧០០នាក់។
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា ឆ្នាំ២០២៥ គឺជាការអនុវត្តបន្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយផ្តោតសំខាន់លើបាវចនាប្រាំ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព និងអាទិភាពគន្លឹះទាំង៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជារបៀបវារៈគោលនយោបាយសង្គម សេដ្ឋកិច្ច។
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ឯកឧត្តមសូមឱ្យលោក លោកស្រី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ដ គណៈអភិបាលក្រុង ស្រុក ព្រមទាំងមន្ដ្រីរាជការទាំងអស់ ត្រូវអនុវត្ដឱ្យបានហ្មត់ចត់ នូវកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ព្រមទាំងកម្មវិធីជាតិរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានឱ្យសម្រេចបានលទ្ធផលល្អប្រសើរ។
ឯកឧត្តមបានបន្តថា ការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦នាពេលនេះ គឺជាយន្តការការងារ សម្រាប់យើងធ្វើការរួមគ្នា ដើម្បីត្រួតពិនិត្យ វាយតម្លៃអំពីលទ្ធផលការងារ ដែលសម្រេចបាន និងដឹងអំពីបញ្ហាប្រឈមដែលនៅសេសសល់ សំដៅរួមគ្នាលើកបទពិសោធន៍ការងារកំណត់ ជាទិសដៅអនុវត្តក្នុងឆ្នាំ២០២៦ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ ក្នុងឆ្នាំ២០២៦នេះ យើងត្រូវរៀបចំផែនការព្រឹត្តិការណ៍នានា និងសកម្មភាពអនុវត្តប្រកបដោយប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបតាមតម្រូវការចាំបាច់ ដើម្បីជំរុញវិស័យអបរំ ទេសចរណ៍ កសិកម្ម សេវាកម្ម និងសង្គមកិច្ច ជាពិសេសជំរុញការយកចិត្តទុកដាក់ខ្ពស់លើកិច្ចប្រតិបត្តិការ របស់តួអង្គពាក់ព័ន្ធ ក្នុងកិច្ចគាំទ្រសម្របសម្រួលលើការងារសេវាសង្គម នៅក្នុងខេត្តពោធិ៍សាត់ទាំងមូល ឱ្យមានសន្ទុះឡើង និងស័ក្ដិសិទ្ធភាពថែមទៀតផង។ អង្គសន្និបាតមានសំណូមពរស្នើសុំបន្ថែមក្របខ័ណ្ឌថ្មី បង្កើតមជ្ឈមណ្ឌលបន្សាបគ្រឿងញៀន ស្លាក និងភ្លើងសញ្ញាបង្ហាញផ្លូវចរាចរណ៍ បន្ថែមថវិកាបំប៉នសង្គម និងប្រេងឥន្ទនៈ សាងសង់ប៉ុស្តិ៍នគរបាលចំនួន៨ សាងសង់ទីបញ្ជាការកងរាជអាវុធហត្ថក្រុង បើកវគ្គបណ្តុះបណ្តាលអំពីនីតិវិធីដោះស្រាយ វិវាទ បង្កើតអនុគណនីថវិការបស់ឃុំ សង្កាត់ ស្រុក ក្រុង និងខេត្តសម្រាប់គាំទ្រអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានថ្លែងបញ្ជាក់បន្ថែមថា គិតមកដល់ពេលនេះ ប្រទេសកម្ពុជាបានទទួលរងផលប៉ះពាល់ ពីការឈ្លានពានពីប្រទេសថៃ នៅតាមបន្ទាត់ព្រំដែន ចំនួន២លើក បណ្តាលឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចសង្គម ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សំណង់ និងប្រជាជនស៊ីវិល បានបាត់បង់ជីវិត និងរងរបួស។ ទន្ទឹមគ្នានេះ ក្រុមការងារថ្នាក់ជាតិ និងរដ្ឋបាលខេត្ត ក៏បានរៀបចំទទួលជនភៀសសឹក គ្រួសារកងទ័ពមកស្នាក់នៅបណ្តោះអាសន្នទីតាំងមានសុវត្ថិភាព និងឧបត្ថម្ភស្បៀងអាហារជាបន្តបន្ទាប់។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រមុខរាជរដ្ឋាភិបាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កាកបាទក្រហមកម្ពុជា និងការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាល ព្រះសង្ឃ អង្គការមិនមែនរដ្ឋាភិបាល សប្បុរសជន រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ស្បៀងអាហារ សម្ភារប្រើប្រាស់ ជម្រកស្នាក់នៅ ការសិក្សា បណ្តុះបណ្តាលវិជ្ជាជីវៈ និងការដាំដុះបន្លែ សម្រាប់ផ្គត់ផ្គង់តម្រូវការជនភៀសសឹក ជាពិសេសការផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ចំពោះក្រុមងាយរងគ្រោះ រួមមានស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាលកូន កុមារ ជនមានពិការភាព និងចាស់ជរាជា និងចូលរួមពិធីបុណ្យសពរបស់វីវយុទ្ធជន ដែលបានពលីនៅសមរភូមិផងដែរ។


















































