ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកែប បានណែនាំបន្ថែមដល់អាជ្ញាធរខេត្ត និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ត្រូវបន្តពង្រឹងការងារការពារសន្តិសុខ សុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ឲ្យបានល្អប្រសើរ ដើម្បីបង្កើនជំនឿទំនុកចិត្ត ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ខណៈដែលខេត្តកែប ជាខេត្តពឹងផ្អែកយ៉ាងសំខាន់លើវិស័យទេសចរណ៍។
ឯកឧត្តមថ្លែងបែបនេះ ខណៈអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកែប ដែលប្រព្រឹត្តធ្វើឡើង នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកែប។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការរដ្ឋបាលខេត្តកែប ដែលបានខិតខំបំពេញភារកិច្ច ដោយការលះបង់កម្លាំងកាយចិត្ត ក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋ អស់រយៈពេលពេញមួយឆ្នាំកន្លងមក។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញលើកទឹកចិត្តឲ្យមន្ត្រីរាជការទាំងអស់ បន្តខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការបម្រើប្រជាពលរដ្ឋ សំដៅលើកកម្ពស់សេដ្ឋកិច្ចប្រជាជនមូលដ្ឋានឲ្យបានល្អប្រសើរជាងមុន។
ក្នុងសន្និបាតនេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងពីសមិទ្ធផល ដែលរដ្ឋបាលខេត្ត រួមជាមួយវិស័យឯកជន សម្រេចបាន និងកំពុងបន្តអនុវត្ត។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ខេត្តកែប បានទទួលគម្រោងវិនិយោគពីវិស័យឯកជន សរុបចំនួន ៥០ គម្រោងបន្ថែមទៀត សម្រាប់ការអភិវឌ្ឍទាំងលើគោក និងលើកោះ។
បន្ទាប់ពីការពិភាក្សារយៈពេលពេញមួយថ្ងៃ លើប្រធានបទ ចំនួន៥ អង្គសន្និបាត បានឯកភាពលើទិសដៅសំខាន់ចំនួន ១១ចំណុច សម្រាប់អនុវត្តបន្តនៅឆ្នាំ២០២៦ ដូចជា ការធានាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ល្អ ការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព ការប្តេជ្ញាអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឲ្យទទួលបានជោគជ័យ ការបំផុសប្រជាពលរដ្ឋឲ្យដាំដុះដំណាំគ្រប់ប្រភេទ ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ជាដើម៕
























