នាយឧត្តមសេនីយ៍ ស ថេត, នាយឧត្តមសេនីយ៍ សៅ សុខា និងអភិបាលខេត្តស្វាយរៀង ដឹកនាំកងកម្លាំងចុះត្រួតពិនិត្យ ទីតាំងបង្រ្កាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្រុងបាវិត


នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ រួមជាមួយនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រឹកថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានដឹកនាំកងកម្លាំងចុះត្រួតពិនិត្យទីតាំងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams) ក្នុងបរិវេណកាស៊ីណូវ៉ាន់ឆឹង (A7) ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សូមរំលឹកថា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ម្សិលមិញនេះ កងកម្លាំងនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងបរិវេណកាស៊ីណូវ៉ាន់ឆឹង (A7) ដែលមានអគារចំនួន២២ ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រតិបត្តិការទ្រង់ទ្រាយធំនេះ អនុវត្តតាមបទបញ្ជាដ៏ម៉ឹងម៉ាត់ហ្មត់ចត់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដឹកនាំផ្ទាល់ដោយ ឧត្តមសេនីយ៍ឯក ជីវ ផល្លី និង ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រើកម្លាំងជំនាញសរុបប្រមាណ៧០០នាក់ ហើយជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនបរទេសសរុបដល់ទៅ ២០៤៤នាក់ ក្នុងនោះជនជាតិចិន១៧៩២នាក់ វៀតណាម១៧៧នាក់ មីយ៉ាន់ម៉ា១៧៩នាក់ នេប៉ាល់៣០នាក់ចិនតៃវ៉ាន់៥នាក់ ម៉ាឡេស៊ី១នាក់ ឡាវ២នាក់ ឥណ្ឌា ៣៦នាក់ និងជនជាតិម៉ិកស៊ិក១នាក់៕