ឆ្លៀតក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីពិសាអាហារសាមគ្គី នៃសមាគមសហគ្រាសវិនិយោគបរទេសនៅកម្ពុជា ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦ បានចុះទៅពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ហ្វុងហ៊្វូ, តំបន់សេដ្ឋកិច្ចពិសេស ហ័រស៊ាំង និងតំបន់សេដ្ឋកិច្ច ហ្វ័រសុន ហ្គីហ្គា និងបានពិនិត្យមើលការរៀបចំអគាររដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស និងការិយាល័យច្រកចេញចូលតែមួយ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងបីនេះ។
ជាមួយគ្នានេះផងដែរ ឯកឧត្តមអគ្គលេខាធិការក៏បានជួបពិភាក្សាការងារ ជាមួយលោកប្រធានក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ហ័រស៊ាំង អំពីការទាក់ទាញវិនិយោគិន ដែលនឹងរើមូលដ្ឋានផលិតកម្មទៅក្រៅប្រទេស ឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀតសម្រាប់ឆ្នាំ២០២៦ និងការទាក់ទាញនូវកន្សោមឧស្សាហកម្ម ដូចជា ឧស្សាហកម្មផលិតគ្រឿងសង្ហារិម និងឧស្សាហកម្មគាំទ្រផ្សេងៗ ដែលអាចធានាដល់ស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក។
បើតាមឯកឧត្តម ជា វុទ្ធី នៅពេលតំបន់សេដ្ឋកិច្ចពិសេសទាំងបីនេះ មានខ្លះកំពុងដំណើរការសាងសង់ និងខ្លះមានរោងចក្រដំណើរការបណ្តើរៗ ដែលចំពោះមុខនឹងមានតម្រូវការការងារថ្មីប្រមាណ ១ម៉ឺនកន្លែង៕











