ក្រុមហ៊ុន Boeing របស់អាមេរិក ប្រកាសពីកិច្ចព្រមព្រៀងបញ្ជាទិញយន្តហោះ 737 MAX សរុប២០គ្រឿង ដោយអាកាសចរណ៍ជាតិកម្ពុជា


នាថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing និងក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) បានប្រកាសការបញ្ជាទិញយន្តហោះដឹកអ្នកដំណើរប្រភេទ 737 MAX សរុបដល់ ២០គ្រឿង ក្នុងកិច្ចព្រមព្រៀងមួយ ដែលត្រូវបានបង្ហាញជាផ្លូវការ អំឡុងព្រឹត្តិការណ៍ពិព័រណ៍អាកាសចរណ៍នៅឯប្រទេសសិង្ហបុរី។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន នៅលើ​វែបសាយរបស់ក្រុមហ៊ុន Boeing ផ្ទាល់។

​​ក្នុងកិច្ចព្រមព្រៀងខាងលើ អាកាសចរណ៍ជាតិកម្ពុជា បានសម្រេចបញ្ជាទិញយន្តហោះ 737-8 (MAX 8) ចំនួន១០គ្រឿងដំបូង ជាមួយឱកាសដើម្បីទិញ ១០គ្រឿងបន្ថែមទៀត នាពេលក្រោយ។ វាគឺជាកិច្ចព្រមព្រៀងធំបំផុតរបស់អាកាសចរណ៍ជាតិកម្ពុជា ក្នុងការទិញយន្តហោះខ្នាត single-aisle និងជាលើកដំបូងក្នុងការទិញយន្តហោះពីក្រុមហ៊ុន Boeing។ យន្តហោះ 737-8 ឬហៅថា 737 MAX 8 នេះ អាចផ្ទុកអ្នកដំណើរសរុបបានដល់ ១៧៨នាក់ និងហោះបានចម្ងាយ៦៤៨០គីឡូម៉ែត្រ។

លោក Brad McMullen អនុប្រធានជាន់ខ្ពស់ផ្នែកលក់និងទីផ្សាររបស់ Boeing បាននិយាយថា ក្រុមហ៊ុន Boeing មានមោទនភាពជាខ្លាំង ក្នុងការស្វាគមន៍អាកាសចរណ៍ជាតិកម្ពុជា ជាអតិថិជនថ្មីបំផុតនៃត្រកូលយន្តហោះ 737 MAX របស់ខ្លួន ហើយទន្ទឹងរង់ចាំការបង្ហាញខ្លួនយន្តហោះ 737-8 នៅឯព្រះរាជាណាចក្រកម្ពុជា។

លោក McMullen បានបន្តថា Boeing ប្តេជ្ញាគាំទ្រការរីកចម្រើនទៅមុខនៃវិស័យអាកាសចរណ៍នៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់ទាំងមូល ស្របពេលដែលអាកាសចរណ៍ Air Cambodia ពង្រឹងទំនាក់ទំនងនៅទូទាំងទ្វីបអាស៉ី ជាមួយយន្តហោះដែលទិញពី Boeing៕