សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសាអាហារពេលព្រឹកជាមួយប្រធានព្រឹទ្ធសភាប៉ាគីស្ថាន


នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញពិសាអាហារពេលព្រឹក ជាមួយលោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន នៅសណ្ឋាគារហៃយ៉ាតភ្នំពេញ។

សូមបញ្ជាក់ថា លោក ហ្គីឡានី បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន។ ក្នុងដំណើរបំពេញទស្សនកិច្ចនេះ ក្រៅពីជួបសម្តេចតេជោហើយនោះ លោកប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បានអញ្ជើញគាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី, អញ្ជើញជួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ហើយក៏នឹងជួបជាមួយសម្តេចមហាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាផងដែរ។

ដំណើរទស្សនកិច្ចរបស់លោកប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ក្នុងឱកាសខួប៧៤ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ប៉ាគីស្ថាន គឺជាចំណែកក្នុងការពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប៉ាគីស្ថានឱ្យកាន់តែល្អប្រសើរថែមទៀត៕