ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី វ៉្លាដាន់កា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិថ្មី ប្រចាំកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះលោកស្រី ដែលត្រូវបានតែងតាំងជា អ្នកសម្របសម្រួលអង្គការសហប្រជាជាតិថ្មី ប្រចាំកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការអនុវត្តកម្មវិធីនានា ដែលសម្រេចបាននូវសមិទ្ធផលដ៏ធំធេងគួរជាទីមោទនៈ តាមរយៈទំនាក់ទំនងដ៏យូរអង្វែង នាពេលកន្លងមក។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍អំពីយុទ្ធសាស្រ្តសម្រាប់ការបន្តកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជំនាញ តាមរយៈការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក៏ដូចជា កម្មវិធីការងារសម្រាប់យុវជន តាមរយៈកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា (DWCP), កម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III) និងការអនុវត្តផែនទីបង្ហាញផ្លូវកាតាលីករសកល។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ ក្នុងការលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែប្រសើរ, ការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត, ការផ្តល់អត្ថប្រយោជន៍របបសន្តិសុខសង្គម និងការផ្តល់ឱកាសការងារសម្រាប់យុវជន ជាពិសេសបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ តាមរយៈការរៀបចំវេទិកាការងារនៅទូទាំងប្រទេស។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត និងការត្រៀមខ្លួនជាស្រេចក្នុងការបន្តពង្រឹងភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយ អង្គការសហប្រជាជាតិ ដោយបង្ហាញការជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការដំណាក់កាលបន្ទាប់នេះ នឹងផ្តោតសំខាន់លើការអភិវឌ្ឍជំនាញសម្រាប់យុវជន និងកម្លាំងពលកម្មកម្ពុជា ប្រកបដោយផលិតភាពខ្ពស់ ប្រសិទ្ធភាព និងសក្ដិសិទ្ធភាព ដែលស្របតាមគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។
ជាការឆ្លើយតប លោកស្រី អាន់ឌ្រេវ៉ា បានកោតសរសើរចំពោះចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ អង្គការសហប្រជាជាតិ ដែលបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តកិច្ចសហការគាំទ្រដល់ការអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាព តាមរយៈវិធីសាស្ត្រដ៏មានប្រសិទ្ធភាព ភាពរហ័សរហួន និងការសម្របសម្រួលយ៉ាងល្អ ដើម្បីកសាងអនាគតដែលរួមបញ្ចូល និងមានភាពធន់សម្រាប់ប្រជាជនកម្ពុជា។
បន្ថែមពីនេះ លោកស្រីមានជំនឿយ៉ាងមុតមាំថា ភាពជាដៃគូដ៏ចាំបាច់នេះនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការសម្រេច បាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចក្ខុវិស័យសេដ្ឋកិច្ចរបស់កម្ពុជានាពេលអនាគត៕










