ក្រសួងវប្បធម៌ ចងក្រងឯកសារ និងភស្តុតាងបង្ហាញពីការឈ្លានពាន និងការបំផ្លាញប្រាសាទ សម្រាប់ប្រើប្រាស់ប្រព័ន្ធច្បាប់អន្តរជាតិក្នុងការទាមទារការផ្តន្ទាទោស និងការទទួលខុសត្រូវ


(ភ្នំពេញ)៖ ពាក់ព័ន្ធនឹងការបំផ្លាញប្រាសាទព្រះវិហារ និងបុរាណដ្ឋាននានា ដោយសារសង្គ្រាមឈ្លានពាននោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននិងកំពុងចងក្រងឯកសារ និងភស្តុតាងបង្ហាញពីការឈ្លានពាន និងការបំផ្លាញប្រាសាទ សម្រាប់ប្រើប្រាស់ប្រព័ន្ធច្បាប់អន្តរជាតិក្នុងការទាមទារការផ្តន្ទាទោស និងការទទួលខុសត្រូវ។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦» ដែលធ្វើឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៤-៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលសន្និសីទចតុម្មុខ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ភឿង សកុណា បានបញ្ជាក់យ៉ាងដូច្នេះថា «ការចងក្រងឯកសារ និងភស្តុតាងបង្ហាញពី ការឈ្លានពាន និងការបំផ្លាញប្រាសាទ ក៏ជាការងារចាំបាច់សម្រាប់អនាគតនៃការប្រើប្រាស់ប្រព័ន្ធច្បាប់ អន្តរជាតិក្នុងការទាមទារការផ្តន្ទាទោស និងការទទួលខុសត្រូវ»

បើតាមលោកជំទាវ ភឿង សកុណា រាជរដ្ឋាភិបាលបានកំណត់ «សន្តិភាព» ជាមូលដ្ឋានគ្រឹះសម្រាប់សេចក្តីសុខរបស់ប្រជាជន និងការអភិវឌ្ឍប្រទេស រីឯសង្គ្រាមគឺជាភាពខ្ទេចខ្ទាំ និងការឈឺចាប់។ ទោះជារាជរដ្ឋាភិបាលបានដាក់ចេញនូវដំណោះស្រាយព្រំដែនដោយសន្តិវិធី ការប្រើយន្តការ ទ្វេភាគីដែលមានស្រាប់ រួមទាំងការបញ្ជូនបញ្ហាព្រំដែនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ក៏មហិច្ឆតាឈ្លានពាន ទឹកដីពីសំណាក់ប្រទេសថៃ បាននាំទៅដល់ការប្រឈមមុខផ្នែកយោធា និងបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ បង្កការលំបាកដល់បងប្អូនប្រជាជនភៀសសឹក រីឯបុរាណដ្ឋានតាមព្រំដែនទទួលរងការបាញ់បំផ្លាញ និងកាន់កាប់។ ក្នុងក្របខ័ណ្ឌការងាររបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដាក់ចេញនូវវិធានការជាច្រើន ទាំងទម្រង់បច្ចេកទេស ការទូត និងទំនាក់ទំនងជិតស្និទ្ធជាមួយស្ថាប័នជំនាញ អន្តរជាតិ ជាពិសេសអង្គការយូណេស្កូ។

ស្ថិតក្នុងស្ថានការណ៍នៃភាពខ្ទេចខ្ទាំនេះលោកជំទាវ ភឿង សកុណា បានរំឭកជូនគ្រប់អង្គភាព ពាក់ព័ន្ធទាំងអស់ អំពីការងារត្រូវបន្តពង្រឹងដូចខាងក្រោម៖

*បន្ថែមទៅលើអ្វីដែលបានអនុវត្តកន្លងមក លោកជំទាវ ភឿង សកុណា ស្នើសុំអាជ្ញាធរជាតិព្រះវិហារ បន្តត្រៀមការងារចាំបាច់ មួយចំនួន ដោយរួមទាំងការបន្តចងក្រងរបាយការណ៍ស្តីពីការខូចខាត បន្តផ្តល់ព័ត៌មាន និងសហការ ជាមួយបណ្តាប្រទេសក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការ អាយស៊ីស៊ី-ព្រះវិហារ ជាពិសេសបង្កើតឱ្យបាននូវផែនការសកម្មភាពរយៈពេលបន្ទាន់ រយៈពេលខ្លី និងវែង សម្រាប់ការស្រោចស្រង់ប្រាសាទព្រះវិហារ ព្រមទាំងការងារសំខាន់ៗសម្រាប់កិច្ចសហការជាមួយអង្គការយូណេស្កូ និងកិច្ចប្រជុំគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក នាពេលខាងមុខ។ ជាមួយគ្នានេះ ការចងក្រងឯកសារ និងភស្តុតាងបង្ហាញពី ការឈ្លានពាន និងការបំផ្លាញប្រាសាទ ក៏ជាការងារចាំបាច់សម្រាប់អនាគតនៃការប្រើប្រាស់ប្រព័ន្ធច្បាប់ អន្តរជាតិក្នុងការទាមទារការផ្តន្ទាទោស និងការទទួលខុសត្រូវ។

*គ្រប់បណ្តាមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ នៃបណ្តាខេត្តជាប់ព្រំដែន ជាពិសេសខេត្តឧត្តរមានជ័យ និង បន្ទាយមានជ័យ ត្រូវបន្តពិនិត្យ វាយតម្លៃ និងរៀបចំរបាយការណ៍ស្តីពីការខូចខាតបុរាណដ្ឋានទាំងអស់ ដោយសារសកម្មភាពឈ្លានពាននេះ និងត្រូវដាក់ចេញនូវវិធានការក្រោមទម្រង់ជាផែនការសកម្មភាព អភិរក្ស និងស្តារឡើងវិញការខូចខាតទាំងនោះ។

*គ្រប់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក សិល្បករ សិល្បការិនីទាំងអស់ក្នុងក្របខ័ណ្ឌក្រសួងវប្បធម៌និងវិចិត្រ សិល្បៈ សូមបន្តស្មារតីរួបរួមខ្មែរតែមួយ ចូលរួមទាំងទឹកចិត្ត សម្ភារៈ និងថវិកា ជ្រោមជ្រែងដល់វីរកងទ័ព និងជួយសម្រួលដល់ស្ថានភាពជនភៀសសឹកកម្ពុជាយើង និងសូមបន្តជឿជាក់និងគាំទ្រដល់វិធានការ នានាដែលរាជរដ្ឋាភិបាលបានដាក់ចេញក្នុងការការពារបូរណភាពទឹកដីរបស់យើង៕