សម្តេចតេជោ ហ៊ុន សែន អញ្ជើញបន្តដំណើរទៅប្រទេសហ្វីលីពីន


នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅម៉ោងប្រមាណជា១០ និង១៥នាទីព្រឹក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ ចាកចេញពីទីក្រុងដាណាំង ប្រទេសវៀតណាមហើយ ដោយបន្តដំណើរឆ្ពោះមកកាន់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីចូលរួមក្នុងកិច្ចប្រជុំ កំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធ ផ្សេងៗទៀត។ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនេះ ក្រោមប្រធានបទ «រួមគ្នាជាដៃគូរដើម្បីធ្វើការផ្លាស់ប្ដូរ រួមចំណែកជាមួយពិភពលោក» ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំនានា សម្ដេចតេជោ ហ៊ុន សែន នឹងជួបពិភាក្សាទ្វេរភាគីជាមួយបណ្តាមេដឹនាំប្រទេសមួយចំនួនដូចជា ជួបជាមួយនាយករដ្ឋមន្ដ្រីចិន លោក លឺ ខឺឈាង, នាយករដ្ឋមន្ដ្រីអូស្ដ្រាលី លោក ម៉ាលខុម ថើនបុល, នាយករដ្ឋមន្ដ្រីឥណ្ឌា លោក ណារិន​ឌ្រា មូឌី, នាយករដ្ឋមន្ដ្រីនៃសហព័ន្ធរុស្ស៊ី លោក ឌីមីទ្រី ម៉េដវ៉េដេវ, អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ តូញ៉ូ ហ្គុយតេរេស និងថ្នាក់ដឹកនាំនៃប្រទេសមួយចំនួនទៀតផងដែរ៕