កម្ពុជា-ឥណ្ឌា ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា លើការសាងសង់សាលាមត្តេយ្យនៅខេត្តកោះកុង


(កោះកុង)៖ ក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌា ដែលតំណាងដោយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងរដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា លើការអនុវត្តគម្រោង Quick Impact Project ថ្មីមួយ ដែលផ្តោតអំពី «ការសាងសង់សាលាមត្តេយ្យនៅសាលាបឋមសិក្សាពាមកៃ ឃុំភ្ញីមាស ខេត្តកោះកុង»

អនុស្សរណៈនៃការយោគយល់គ្នានេះត្រូវបានចុះហត្ថលេខាដោយ លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង និងឯកឧត្តម វ៉ាន់ឡាល់វ៉ាណា បាវីតឡុង ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ដោយមានការចូលរួមដោយលោកស្រី ជា សូវី អភិបាលរង ក៏ដូចជាអាជ្ញាធរខេត្តជាន់ខ្ពស់ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ក្រោមគម្រោងនេះសាលាមត្តេយ្យដែលមានថ្នាក់រៀនពីរបន្ទប់ និងសម្ភារៈអនាម័យផ្សេងៗនឹងត្រូវបានសាងសង់ ដើម្បីផ្តល់នូវបរិយាកាសសិក្សាដំបូង ប្រកបដោយសុវត្ថិភាព និងស្តង់ដា ក៏ដូចជាការចូលរួមលើកទឹកចិត្ត ការសិក្សាក្នុងវ័យក្មេង ក្នុងឃុំភ្ញីមាសផងដែរ។ គម្រោងនេះមានគោលបំណងពង្រឹងការអប់រំកុមារតូចៗ និងគាំទ្រដល់ការអភិវឌ្ឍរួមរបស់សិស្សានុសិស្សវ័យក្មេង។

គំនិតផ្តួចផ្តើមនេះធ្វើឡើងបន្ទាប់ពីបញ្ចប់គម្រោងមុន ពោលបន្ទាប់ពីការសម្ពោធជាផ្លូវការនូវ មណ្ឌលថែទាំមុន និងក្រោយសម្រាលកូន តាមប្រព័ន្ធអេឡិចត្រូនិកនៅមន្ទីរពេទ្យសហគមន៍កោះស្តេច ស្ថិតក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលឥណ្ឌាផងដែរ ក្រោមក្របខ័ណ្ឌសហប្រតិបត្តិការមេគង្គ-គង្គា។ មណ្ឌលថែទាំសុខភាពនេះកំពុងផ្តល់សេវាថែទាំសុខភាពមាតា និងកុមារអោយប្រសើរឡើងសម្រាប់សហគមន៍នៅក្នុង និងជុំវិញកោះស្តេច។

កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ឥណ្ឌានៅខេត្តកោះកុង មានដូចជាការគាំទ្រលើសកម្មភាពមីនមនុស្សធម៌ផងដែរ។ នៅឆ្នាំ២០២៣ ស្ថានទូតឥណ្ឌា និងអាជ្ញាធរមីនកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួយឥតសំណង ដើម្បីគាំទ្រដល់ការបោសសម្អាតមីននៅក្នុងស្រុកជាច្រើននៃខេត្តកោះកុង។ ជាលទ្ធផល ស្រុកបទុមសាគរ និងស្រែអំបិលត្រូវបានប្រកាសថាស្រុកគ្មានមីន ដែលបង្កើនសុវត្ថិភាព និងជីវភាពរស់នៅសម្រាប់សហគមន៍ក្នុងតំបន់។

កម្ពុជា គឺជាដៃគូសំខាន់នៅក្នុងគោលនយោបាយធ្វើសកម្មភាពខាងកើតរបស់ឥណ្ឌា។ ក្រោមក្របខ័ណ្ឌសហប្រតិបត្តិការមេគង្គ-គង្គា ឥណ្ឌាគាំទ្រគម្រោងផ្តល់ផលរហ័សចំនួនដប់ជារៀងរាល់ឆ្នាំនៅក្នុងប្រទេសកម្ពុជានៅទូទាំងវិស័យដូចជា សុខភាព ការអប់រំ អនាម័យ កសិកម្ម និងការផ្តល់អំណាចដល់ស្ត្រី។ រហូតមកដល់បច្ចុប្បន្ន QIP ចំនួន៧០ ត្រូវបានផ្តល់ជូនភាគីកម្ពុជា ដោយមាន៤៩ បានបញ្ចប់ និង២១ កំពុងស្ថិតក្រោមការអនុវត្ត ដោយសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា៕