អភិបាលរងខេត្តកំពង់ឆ្នាំង អំពាវនាអោយប្រជាពលរដ្ឋជាម្ចាស់យាន្តទាំងអស់ចូលរួមគោរពច្បាប់ចរាចេរណ៍រាល់ពេលធ្វើដំណើរ


កំពង់ឆ្នាំងៈ ថ្លែងនៅក្នុងពេលបើកយុទ្ធនាការជាលើកទី២ ស្តីពីការពាក់មួកសុវត្ថិភាពនៅ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ អភិបាលរងខេត្តកំពង់ឆ្នាំង ឯកឧត្តមចេង ញ៉ាន់ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាម្ចាស់យន្ត ទោចក្រយានយន្ត ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ក្នុងពេលធ្វើដំណើរនៅលើដងផ្លូវ ដោយបង្កើនការប្រុងប្រយ័ត្នអោយបានជាទីបំផុត ដើម្បីកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍អោយនៅកំរិតទាបបំផុត ។ ការអំពាវនាវរបស់អាជ្ញាធរខេត្តនាពេលនេះ ខណៈដែលអត្រានៃគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតឡើងនៅគ្រប់ទិសទីទូទាំងប្រទេស បណ្តាលអោយមនុស្សស្លាប់ និង របួសជាច្រើនដែលទាំងនេះគឺជាក្តីបារម្ភយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល ។

ឯកឧត្តមបានបញ្ជាក់ទៀតថា យុទ្ធនាការដែលធ្វើឡើងនាពេលនេះគឺ ដើម្បីបំផុសអោយមានការចូលរួមពីប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និង ដើម្បីអោយប្រជាពលរដ្ឋយល់ដឹង អំពីសារៈប្រយោជន៍នៃការពាក់មួកសុវត្ថិភាពក្នុងពេលធ្វើដំណើរ ។ ដោយឡែកអ្នកបើកបរថយន្ត ត្រូវតែពាក់ខ្សែក្រវ៉ាត់ជាប្រចាំក្នុងពេលបើកបរ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង និងប្រើប្រាស់គ្រឿងញៀន ការបើកបរហួសល្បឿនកំណត់ ការវ៉ាឬជែង ក្នុងស្ថានភាពគ្រោះថ្នាក់ ។

ឯកឧត្តមបានបញ្ជាក់ទៀត អត្រាគ្រោះថ្នាក់ចរាចេរណ៍លើផ្លូវបន្តកើតឡើងគួអោយកត់សម្គាល់ ហើយក្នុងនោះមាន៧៧ភាគរយគឺជាទោចក្រយានយន្ត ហើយក្នុងចំណោមនេះគឺមាន៦៧ភាគរយ ជាអ្នកដែលបើកបរដោយមិនពាក់មួកសុវត្ថិភាព ។
ឯកឧត្តមកែវ ពៅទីប្រឹក្សាសម្តេចក្រឡាហោមសងខេង និង ជាប្រធានមន្ទីរសារធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអោយដឹងថា សម្រាប់យុទ្ធនាការពាក់មួកសុវត្ថិនាពេលនេះ បានបំពាក់មួកសុវត្ថិភាពដល់ប្រជាពលរដ្ឋដែលមិនបានពាក់មួកសុវត្ថិភាពក្នុងពេលធ្វើដំណើរ មានចំនួន១៦០មួក ក្រៅពីពាក់មួកសុវត្ថិភាព មន្រ្តីជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូនបានចែកជូននូវសៀវភៅច្បាប់ចររាចរណ៍ផ្លូវគោក ខិតប័ណ្ណអប់រំស្តីពីចរាចរណ៍ និង បិទចំណាំងផ្លាតដល់យានយន្តនិងទោចក្រយាន្តជាច្រើនផងដែរ ។ ហើយយុទ្ធនាការនេះនឹងធ្វើជាបន្តបន្ទាប់ទាំងនៅក្នុងក្រុងកំពង់ឆ្នាំង និង នៅស្រុកមួយចំនួនទៀតតាមបណ្តោយផ្លូវជាតិលេខ៥ផងដែរ ។