សភាពាណិជ្ជកម្មអ៊ីស្រាអែល មានគោលបំណងនាំយកនូវជំនាញផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍របស់អ៊ីស្រាអែលមកកម្ពុជា តាមរយៈកម្មវិធីភាពជាដៃគូរវាងស្ថាប័នឧត្តមសិក្សាអ៊ីស្រាអែល និងកម្ពុជា


ភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦–លោក Moran Hadad ប្រធានសភាពាណិជ្ជកម្មអ៊ីស្រាអែល (CICC)បានលើកឡើងពីគោលបំណងក្នុងការចូលរួមចំណែកជំរុញសន្ទុះនៃការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ដោយការនាំយកនូវជំនាញឈានមុខគេផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍របស់អ៊ីស្រាអែលមកកាន់កម្ពុជា តាមរយៈកម្មវិធីភាពជាដៃគូដែលមានរចនាសម្ព័ន្ធរវាងស្ថាប័នឧត្តមសិក្សាអ៊ីស្រាអែល និងកម្ពុជា។ ការលើកឡើងរបស់លោកប្រធានសភាពាណិជ្ជកម្មអ៊ីស្រាអែលបែបនេះ ក្នុងឱកាសជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងអប់រំយុវជន និងកីឡា នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងឱកាសនេះ លោក Moran Hadad បានការនាំយកនូវជំនាញឈានមុខគេផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍របស់អ៊ីស្រាអែលមកកាន់កម្ពុជានេះគឺផ្តោតសំខាន់លើការរៀបចំកម្មវិធីបណ្តុះបណ្តាល និងកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សាដែលមានកិត្យានុភាព ក្នុងគោលដៅពង្រឹងសមត្ថភាព និងផ្លាស់ប្តូរជំនាញដល់យុវជនកម្ពុជា អភិវឌ្ឍធនធានមនុស្សកម្ពុជា ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក ជាពិសេសក្នុងវិស័យអប់រំ និងបានសម្ដែងការស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ ដែលនឹងផ្តល់ឱកាសឱ្យភាគីទាំងពីរបានស្វែងយល់ពីវប្បធម៌ការងារគ្នាទៅវិញទៅមក និងពង្រឹងកិច្ចសហការក្នុងជំនាញជាច្រើន ជាពិសេសក្នុងជំនាញបច្ចេកវិទ្យា។ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា ក្នុងស្មារតីនេះ ក្រសួង នឹងពិនិត្យមើលលទ្ធភាពនៃកិច្ចសហប្រតិបត្តិការឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំការបណ្តុះបណ្តាលតាមបែបផ្លូវការឱ្យកាន់តែប្រសើរឡើង ដោយជឿជាក់ថា នេះគឺជាជំហានដ៏វិជ្ជមានមួយក្នុងការបង្កើនលទ្ធភាពទទួលបានចំណេះដឹង និងការស្រាវជ្រាវថ្មីៗ ដែលនឹងក្លាយជាគ្រឹះដ៏សំខាន់សម្រាប់យុវជនកម្ពុជាក្នុងការត្រៀមខ្លួនសម្រាប់នាពេលអនាគត ក្នុងយុគសម័យឌីជីថលនេះ៕