រាជរដ្ឋាភិបាលនឹងផ្តល់ថវិកាប្រមាណ ១.៨លានរៀល ជូនគ្រួសារក្រីក្រគោលដៅនីមួយៗនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងស្រុករវៀង ខេត្តព្រះវិហារ


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ នូវកម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ កាលពីដើមខែធ្នូ ឆ្នាំ២០២៥កន្លងទៅថ្មីៗ ដោយចាប់ផ្តើមអនុវត្តមុនគេ ក្នុងស្រុកទឹកផុស នៃខេត្តកំពង់ឆ្នាំង និងស្រុករវៀង នៃខេត្តព្រះវិហារ លើគ្រួសារគោលដៅចំនួន៥ ០០០គ្រួសារ ដែលជាគ្រួសារក្រីក្រមានបណ្ណសមធម៌។

ការដាក់ចេញនូវកម្មវិធីនេះ ជាការបោះជំហានថ្មីមួយបន្ថែមទៀត ក្នុងដំណើរនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ដោយឈរលើអភិក្រម៖ «ពង្រឹងប្រព័ន្ធ ដើម្បីពង្រីកការគ្របដណ្តប់», និង ឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់», សំដៅបន្តអភិវឌ្ឍមូលធនមនុស្ស, លើកកម្ពស់កម្រិតជីវភាពពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ ព្រមទាំងកសាងភាពធន់របស់ប្រជាពលរដ្ឋ ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាស្របតាម ចក្ខុវិស័យដ៏ពិសិដ្ឋ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, នោះគឺ៖ «ការបង្រៀនពលរដ្ឋ ស្ទូចត្រី, បន្ថែមលើការផ្តល់ត្រីដល់ពួកគាត់»។

ឯកឧត្តមបណ្ឌិតបានបន្ថែមថា កម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ នេះផ្តល់ជូនគ្រួសារគោលដៅ នូវថវិកាសរុបប្រមាណជិត ១.៨លានរៀលបន្ថែមលើប្រាក់ឧបត្ថម្ភប្រចាំខែរបស់រាជរដ្ឋាភិបាលផ្តល់ជូនពួកគាត់តាមរយៈកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។

សូមបញ្ជាក់ជូនថាតាមរយៈកម្មវិធីនេះ, គ្រួសារនីមួយៗនឹងទទួលបានកញ្ចប់អត្ថប្រយោជន៍ ដែលមានភាពប្រទាក់ក្រឡា និងបំពេញឱ្យគ្នាចំនួន៤សំខាន់ៗ សម្រាប់រយៈពេល ២៤ខែរួមមាន៖ ១) ការបណ្តុះបណ្តាល និងបង្វឹកអំពីការបង្កើតមុខរបរ និងបំណិនជីវិត, ២) ការឧបត្ថម្ភសាច់ប្រាក់សម្រាប់ចូលរួមវគ្គបណ្តុះបណ្តាល និងបង្វឹក, ៣) ការផ្តល់ប្រាក់ដើមទុនសម្រាប់ទិញទ្រព្យសកម្ម, និង៤) ការចុះសួរសុខទុក្ខ និងបង្វឹកតាមខ្នងផ្ទះ (Home visit and coaching)។

កញ្ចប់អត្ថប្រយោជន៍នៃកម្មវិធីនេះ សម្រាប់រយៈពេល ២៤ ខែ មានដូចខាងក្រោម៖

* ការផ្តល់វគ្គបណ្តុះបណ្តាល និងបង្វឹកអំពីការបង្កើតមុខរបរ និងបំណិនជីវិត សរុបចំនួន ១៤ វគ្គ នៅមូលដ្ឋានដោយផ្ទាល់,

* ការផ្តល់ប្រាក់ឧបត្ថម្ភ ដោយភ្ជាប់ជាមួយលក្ខខណ្ឌចូលរួមវគ្គបណ្តុះបណ្តាល ដែលមានចំនួនសរុប ២៨០ ០០០ រៀល,

* ការផ្តល់ប្រាក់ដើមទុនមួយលើកគត់ចំនួន ៩៦០ ០០០ រៀល ដើម្បីចំណាយលើការទិញទ្រព្យសកម្ម សម្រាប់បង្កើតមុខរបរ (ដូចមានក្នុងបញ្ជីក្នុងឧបសម្ព័ន្ធទី១) ក្នុងគោលបំណងពង្រឹងសមត្ថភាពផលិត និងបង្កើនប្រាក់ចំណូលគ្រួសារ បន្ទាប់ពីគ្រួសារទទួលផលបានចូលរួមវគ្គបណ្តុះបណ្តាល តាមការកំណត់, និង

* ការបង្វឹកតាមផ្ទះ ដោយធ្វើការចុះតាមខ្នងផ្ទះ តាមដានវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈមនានារបស់គ្រួសារទទួលផលជាប្រចាំខែក្នុងអំឡុងនៃការអនុវត្តកម្មវិធី។

ជាមួយនឹងកញ្ចប់អត្ថប្រយោជន៍នេះ, ប្រាក់ឧបត្ថម្ភគ្រួសារផ្ទាល់មានចំនួន ១ ២៤០ ០០០ រៀល ហើយថវិកាសម្រាប់ការផ្តល់វគ្គបណ្តុះបណ្តាល និងការបង្វឹកតាមខ្នងផ្ទះ ដោយរដ្ឋបាល ថ្នាក់ក្រោមជាតិ មានចំនួន ៦១៤ ៤០០ រៀល ក្នុងមួយគ្រួសារ។ សរុបជារួម កម្មវិធីគ្រោងចំណាយថវិកាចំនួន ១ ៨៥៤ ៤០០ រៀល ស្មើនឹងប្រមាណ ៤៦៤ ដុល្លារអាម៉េរិក សម្រាប់មួយគ្រួសារក្នុងមួយវដ្តនៃកម្មវិធីរយៈពេល ២៤ខែ។

កម្មវិធីនេះនឹងបន្តពង្រីកវិសាលភាពជាជំហានៗ ដោយមានគោលដៅ ជំរុញគ្រួសារគោលដៅសរុបប្រមាណ ២០ម៉ឺន គ្រួសារឱ្យស្ថិតលើគន្លងនៃការចាកចេញពីភាពក្រីក្រ សម្រាប់រយៈពេល ១០ឆ្នាំ, ពោលគឺចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣៦៕