ក្រសួងឧស្សាហកម្មបិទសន្និបាត និងដាក់ទិសដៅពង្រឹងស្ថាប័ន និងសមត្ថភាពផលិតក្នុងស្រុកដើម្បីគាំទ្រភាពធន់នៃសេដ្ឋកិច្ច


ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបិទសន្និបាតប្រចាំឆ្នាំ ដោយផ្តោតអាទិភាពលើការពង្រឹងស្ថាប័នជាតិ ពង្រឹងសមត្ថភាពផលិតក្នុង​ស្រុក និងពន្លឿនកំណែទម្រង់ ដើម្បីគាំទ្រភាពធន់ និងសមត្ថភាពប្រកួតប្រជែងរយៈពេលវែងរបស់កម្ពុជា។

ថ្លែងក្នុងពិធីបិទសន្និបាត ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ក្នុងឆ្នាំ២០២៥ ក្រសួងសម្រេចបានសមិទ្ធផល និងវឌ្ឍនភាពជាច្រើន។មូលដ្ឋានឧស្សាហកម្មកម្ពុជាបន្តរីកចម្រើន ដោយមានរោងចក្រធុនធំចំនួន ៣.០៨៣ កំពុងប្រតិបត្តិការនៅទូទាំងប្រទេស ផ្តល់ការងារជាង ១,២៦ លានកន្លែង ក្នុងនោះស្ត្រីជាង ៧១ ភាគរយ។ ការផ្គត់ផ្គង់ទឹកស្អាតសម្រេចបានកំណើនដល់ ១.៥៧១.៩៧៦ តំណ (កើនជាង ១៣១.០០០ តំណ ធៀបនឹងឆ្នាំ២០២៤) ជាមួយបណ្តាញចែកចាយសរុប ៤០.៥៦៥ គីឡូម៉ែត្រ និងបរិមាណផលិតនិងចែកចាយទឹកស្អាតសរុប ៥៥៦ លានម៉ែត្រគូប។

ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក៏មានវឌ្ឍនភាពជាបន្តបន្ទាប់។ គិតត្រឹមដំណាច់ឆ្នាំ២០២៥ មានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ២៧ម៉ឺន នាក់ បានចុះឈ្មោះលើថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល ហើយអត្ថប្រយោជន៍ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ដើម្បីកសាងសេដ្ឋកិច្ចមួយដោយមិនទុកនរណាម្នាក់ចោល។

ឯកឧត្តម ហែម វណ្ណឌី ក៏បានរំលេចអំពីវឌ្ឍនភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ដោយ ក្នុងឆ្នាំ២០២៥ កម្ពុជាបានក្លាយជាសមាជិកពេញសិទ្ធិនៃអង្គការ ISO បន្ទាប់ពីរយៈពេល ៣៥ឆ្នាំ, ក្លាយជាសមាជិកសហការ (Associate Member) នៃគណៈកម្មការ​អេឡិចត្រូតិចនិក​អន្តរជាតិ (IEC), និងជាស្ថាប័នបង្គោលរបស់កម្ពុជាសម្រាប់អង្គការស្តង់ដារអាហារ (Codex Alimentarius)។ ក្នុងឆ្នាំ២០២៥ កម្ពុជាក៏បានអនុម័តស្តង់ដាសុខុដុមនីយកម្មអាស៊ានចំនួន ១២៩ និងស្តង់ដាកម្ពុជាចំនួន ៨១ ដើម្បីលើកកម្ពស់ការត្រៀមលក្ខណៈសម្រាប់នាំចេញ និងអនុលោមតាមលក្ខខណ្ឌតម្រូវអន្តរជាតិ។

ឯកឧត្តម ហែម វណ្ណឌី បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការពង្រឹងសមត្ថភាពផលិតក្នុងស្រុក និងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ ដោយលើកឡើងថា៖ “ប្រទេសដែលមិនផលិត មិនអាចការពារភាពធន់របស់ខ្លួនបានទាំងស្រុងទេ។ ចលនាជាតិគាំទ្រផលិតផលខ្មែរជាកាលានុវត្តភាពយុទ្ធសាស្ត្រ សម្រាប់ពន្លឿនសមត្ថភាពផលិតក្នុងស្រុក ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងធានាឱ្យបានថាម្ចាស់អាជីវកម្មកម្ពុជា អាចឈរជើងប្រកួតប្រជែងបាន និងមានលទ្ធភាពពង្រីកខ្លួនសម្រាប់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស។”

សម្រាប់ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ទិសដៅអាទិភាពលើការត្រៀមខ្លួនសម្រាប់ដំណាក់កាលថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ច ដែលប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនឹងថមថយ អនុលោមភាពនឹងកាន់តែតឹងរឹង លក្ខខណ្ឌតម្រូវឱ្យប្រើវត្ថុធាតុដើមក្នុងស្រុកសម្រាប់ការផលិតនឹងកាន់តែខ្ពស់ ហើយការអនុវត្តគោលការណ៍បរិស្ថាន-សង្គម-អភិបាលកិច្ច (ESG) នឹងក្លាយជាការរំពឹងទុករបស់ទីផ្សារ។

អាទិភាពរបស់ក្រសួងរួមមាន ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ពន្លឿនការចាប់យកឌីជីថលសម្រាប់សហគ្រាសធុនតូចនិងមធ្យម ពង្រីកការផ្គត់ផ្គង់ទឹកស្អាត ពង្រឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទំនើបកម្មប្រព័ន្ធផ្តល់សេវាសាធារណៈ និងលើកកម្ពស់ប្រសិទ្ធភាពស្ថាប័ន។

ឯកឧត្តមបានបន្ថែមថា៖ “ពិភពលោកកាន់តែពោរពេញដោយភាពមិនប្រាកដប្រជា។ យើងត្រូវប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព និងបន្តកសាងស្ថាប័នរឹងមាំដែលអាចផ្តល់លទ្ធផលជាក់ស្តែងជូនជាតិ និងប្រជាជន។”

អង្គសន្និបាតត្រូវបានបិទបញ្ចប់ ជាមួយនឹងការប្តេជ្ញាចិត្តមុតមាំ ក្នុងការបន្តកំណែទម្រង់ ពង្រីកកិច្ចសហប្រតិបត្តិការ និងពង្រឹងស្ថាប័នជាតិ ដើម្បីការពារភាពធន់សេដ្ឋកិច្ច និងគាំទ្រកំណើនរយៈពេលវែងរបស់កម្ពុជា ក្នុងបរិបទសកលដែលកាន់តែពិបាកប៉ាន់ស្មាន។