រដ្ឋាភិបាលឥណ្ឌូណេស៉ី ផ្តល់ជូនអាហារូបករណ៍សម្រាប់ពលរដ្ឋខ្មែរ ដើម្បីបន្តការសិក្សាថ្នាក់ឌីប្លូម បរិញ្ញាបត្រ និងអនុបណ្ឌិត


(ភ្នំពេញ)៖ ស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានជូនដំណឹងពីការសិក្សានៅប្រទេសឥណ្ឌូណេស៊ីជាមួយកម្មវិធីអាហារូបករណ៍ Indonesian AID (TIAS) ប្រចាំឆ្នាំ២០២៦ ដោយបញ្ជាក់ថា រដ្ឋាភិបាលខ្លួនកំពុងផ្តល់ជូនអាហារូបករណ៍តាមរយៈកម្មវិធី Indonesian AID (TIAS) សម្រាប់ពលរដ្ឋខ្មែរ ដើម្បីបន្តការសិក្សាថ្នាក់ឌីប្លូម បរិញ្ញាបត្រ និងអនុបណ្ឌិត នៅសាកលវិទ្យាល័យឈានមុខគេ នៅទូទាំងប្រទេសឥណ្ឌូណេស៊ី។

ចំណុចសំខាន់ៗក្នុងការទទួលបានអាហារូបករណ៍គឺ៖

*ពលរដ្ឋកម្ពុជា
*មន្ត្រីរាជការ ឬត្រូវបានណែនាំ/ចាត់តាំងដោយរដ្ឋាភិបាល
*មានឆន្ទៈក្នុងការវិលត្រឡប់មកប្រទេសខ្លួនវិញ និងបម្រើប្រទេសរបស់ខ្លួន បន្ទាប់ពីបញ្ចប់ការសិក្សា។

អាហារូបករណ៍ដែលមានមូលនិធិពេញលេញរួមមានការផ្តល់ជូន៖

*ថ្លៃសិក្សា
*ប្រាក់ឧបត្ថម្ភប្រចាំខែ
*ថ្លៃសំបុត្រយន្តហោះទៅមកអន្តរជាតិ
*ធានារ៉ាប់រងសុខភាព
*ការគាំទ្រផ្នែកស្នាក់នៅ និងការតាំងទីលំនៅ
*ការបណ្តុះបណ្តាលភាសាឥណ្ឌូណេស៊ី និងភាសាអង់គ្លេស
*ការគាំទ្រផ្នែកស្រាវជ្រាវ និងសិក្សា។

TIAS មានគោលបំណងអភិវឌ្ឍធនធានអ្នកដឹកនាំនាពេលអនាគត និងពង្រឹងកិច្ចសហប្រតិបត្តិការរវាង ប្រទេសឥណ្ឌូណេស៊ី និងប្រទេសដៃគូ។ អ្នកស្នើសុំ និងទទួលបានអាហារូបករណ៍ ត្រូវបានរំពឹងថា នឹងចូលរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិ បន្ទាប់ពីបញ្ចប់ការសិក្សារបស់ពួកគេ។

រយៈពេលដាក់ពាក្យចាប់ពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។

សូមកុំឱ្យឱកាសនេះកន្លងផុតទៅ ដើម្បីកសាងភាពជាអ្នកដឹកនាំ និងកសាងបណ្តាញជាសកលរបស់អ្នក តាមរយៈបទពិសោធនៃការជួបប្រទៈនឹងវប្បធម៌ដ៏សម្បូរបែបរបស់ឥណ្ឌូណេស៊ី៕

*ស្វែងយល់បន្ថែម និងដាក់ពាក្យតាមរយៈគេហទំព័រផ្លូវការ៖ https://tias.kemenkeu.go.id
*សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ pensosbud.phnompenh@kemlu.go.id