ក្នុងឱកាស ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសំណេះសំណាល សេចក្តីនឹករលឹក ដល់មន្រ្តីរាជការ និងបុគ្គលិក នៃមណ្ឌលសុខភាព ប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង, ឯកឧត្តមសាស្ត្រាចារ្យបានគូសរម្លឹកដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក ថា «ពីបញ្ហាប្រឈម ឈានកសាងភាពធន់ពីការលំបាក ទៅជាពង្រឹងប្រព័ន្ធការងាររឹងមាំ, រួបរួមសាមគ្គីទាំងអស់គ្នាឆ្ពោះទៅមុខ ត្រៀមខ្លួនបានប្រសើរជាងមុន»។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានគូសបញ្ជាក់ទៀតថា នៅពេលដែលមានបញ្ហា និងការភ័យខ្លាចបានប៉ះពាល់សហគមន៍ដោយការប្រឈមឈ្លានពាន បងប្អូនសហភាតរៈសុខាភិបាលយើងមិនបានរាថយឡើយ ប៉ុន្តែនៅប្រកៀកស្មា ក្នុងការបម្រើសុខភាពទាំងផ្លូវកាយ និងចិត្ត ជូនប្រជាពលរដ្ឋ និងវីរកងទ័ពដោយការប្តូរផ្តាច់បំផុត។
ឯកឧត្តមបានសម្តែងនូវការថ្លែងអំណរគុណ និងរំភើបចិត្តជាខ្លាំងពេលបានឃើញ មន្ត្រីក្រោមឱវាទ បានសាមគ្គីគ្នាយ៉ាងរឹងមាំ ដើម្បីបម្រើផលប្រយោជន៍ និងសុខភាពប្រជាជនជាចម្បង។
សូមជម្រាបជូនថា ការអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសំណេះសំណាល សេចក្តីនឹករលឹក ដល់មន្រ្តីរាជការ និងបុគ្គលិក នៃមណ្ឌលសុខភាព ប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង នៅចុងខែកុម្ភ:នេះ ក៏មានការរួមជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល អមដំណើរដោយ លោកស្រី ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង ។
ការអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសំណេះសំណាល ជាមួយមន្រ្តីរាជការ និងបុគ្គលិក នៃមណ្ឌលសុខភាព ប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង របស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឳកាសបើកដំណើរការមណ្ឌលសុខភាពឡើងវិញ បន្ទាប់ពីផ្អាកដំណើរការអំឡុងពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ៕




























