សម្តេចសេដ្ឋវិទូភក្តី គាត ឈន់ សូមថ្វាយនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះមហាក្សត្រ ដែលបានប្រោសព្រះរាជទានគោរមងារជា «សម្តេចសេដ្ឋវិទូភក្តី»


(ភ្នំពេញ)៖ សម្តេចសេដ្ឋវិទូភក្តី គាត ឈន់ ប្រធានកិត្តិយសឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានថ្វាយសារលិខិត សូមព្រះរាជវរោកាសទូលថ្វាយនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត និងដោយរំភើបបំផុតចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដែលបានប្រោសព្រះរាជទានគោរមងារ សម្តេចសេដ្ឋវិទូភក្តី គាត ឈន់ តាមរយៈព្រះរាជក្រឹត្យ លេខ នស/ រកត/ ០៣២៦/២៨៣ ដែលព្រះអង្គទ្រង់បានឡាយព្រះហស្តលេខា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦។

សារលិខិតរបស់សម្តេចសេដ្ឋវិទូភក្តី គាត ឈន់ មានខ្លឹមសារថា៖ «ការទទួលបាននូវគោរមងារ សម្តេចសេដ្ឋវិទូភក្តី គាត ឈន់ នេះ ជាកិត្តិយសដ៏ធំធេងបំផុត និងជាបុព្វសិទ្ធិដ៏កម្រហួសពីការស្មានបាន ក្នុងជីវិតរបស់ទូលព្រះបង្គំជាខ្ញុំ។

ក្នុងឱកាសដ៏មហាវិសេសវិសាលនេះ ទូលព្រះបង្គំជាខ្ញុំ សូមក្រាបបង្គំព្រះបរមរាជានុញ្ញាតពី ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គប្រោសព្រះរាជទាន នូវព្រះរាជវរោកាសឱ្យទូលព្រះបង្គំជាខ្ញុំ ក្រាបព្រះបង្គំទូលថ្វាយនូវព្រះពរសព្ទសាធុការ មហាបវរប្រសើរថ្លៃថ្លាបំផុត ជាមួយមនោសញ្ចេតនាគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតចំពោះព្រះអង្គ សូម ព្រះករុណាថ្លៃវិសេស ព្រះអង្គទ្រង់ប្រកបដោយ ព្រះសុខភាពល្អបរិបូរណ៍ជាភិយ្យោភាព មានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះកាយពលមាំមួន ព្រះបញ្ញាញាណវៃឈ្លាស ភ្លឺថ្លា និងមុតស្រួច ព្រមទាំងសម្រេចមហាជោគជ័យដ៏ត្រចះត្រចង់ ក្នុងព្រះរាជបេសកកម្មជាតិជាប្រវត្តិសាស្ត្រដ៏ឧត្តុង្គឧត្តម ក្នុងរជ្ជកាលដ៏រុងរឿងរបស់ព្រះអង្គ។

ទូលព្រះបង្គំជាខ្ញុំ សូម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សតនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គទ្រង់ព្រះមេត្តាទទួលនូវអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុត ជាមួយមនោសញ្ចេតនាគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត និងភក្តីភាពឥតងាករបស់ទូលព្រះបង្គំជាខ្ញុំ»៕