សម្ដេចសេដ្ឋវិទូភក្តី គាត ឈន់ ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ចំពោះសារលិខិតអបអរសាទរ ក្នុងឱកាសព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារជា «សម្តេចសេដ្ឋវិទូភក្តី»


(ភ្នំពេញ)៖ សម្ដេចសេដ្ឋវិទូភក្តី គាត ឈន់ ប្រធានកិត្តិយសឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានផ្ញើសារលិខិតថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា ដែលបានផ្ញើសារលិខិតអបអរសាទរ ក្នុងឱកាសព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារជា «សម្តេចសេដ្ឋវិទូភក្តី»

សារលិខិតរបស់សម្ដេចសេដ្ឋវិទូភក្តី គាត ឈន់ គោរពជូនសម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា៖ «ខ្ញុំ និងភរិយា ឡាយ នារី រួមជាមួយកូនស្រី ឈន់ កូឡាបបុប្ផា សូមគោរពសម្ដែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្ញើមកខ្ញុំ នូវសារលិខិតអបអរសាទរ ប្រកបដោយសេចក្ដីសោមនស្សក្រៃលែង និងមោទនភាពយ៉ាងជ្រាលជ្រៅជាទីបំផុត អមជាមួយមូលវិចារណ៍ដ៏ថ្លៃថ្លា និងសព្ទសាធុការជ័យគ្រប់ប្រការ ក្នុងឱកាសដ៏វិសេសវិសាលដែលរូបខ្ញុំ ត្រូវបានព្រះករុណាព្រះបានសម្តេចព្រះបរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទ្រង់បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគោរមងារដល់ខ្ញុំជា សម្តេចសេដ្ឋវិទូភក្តី គាត ឈន់តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៣២៦/២៨៣ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦។

ការទទួលបាននូវគោរមងារដ៏វិសេសបំផុតនេះ ពិតជាកិត្តិយសដ៏ធំធេងបំផុត និងជាបុព្វសិទ្ធិដ៏កម្រហួសពីការស្មានបានក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំពិតជាមានភ័ព្វសំណាងដ៏ធំធេងបំផុត ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍជាតិមាតុភូមិកម្ពុជា ពីសម័យព្រះរាជាណាចក្រកម្ពុជាទី១ ក្រោមព្រះរាជតម្រិះនិងព្រះរាជកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត រហូតមកដល់ព្រះរាជាណាចក្រកម្ពុជាទី២នេះ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន
ដែលសម្តេចតេជោ បានផ្តល់កាលានុវត្តភាព និងបុព្វសិទ្ធិដ៏កម្រដល់ខ្ញុំ ឱ្យបានបំពេញការងារទាំងក្នុងជួររាជរដ្ឋាភិបាលទាំងក្នុងជួររដ្ឋសភា បម្រើប្រទេសជាតិ និងប្រជាជន ហើយបានដឹកនាំខ្ញុំប្រកបដោយប្រសិទ្ធភាពខ្ពស់ ឱ្យបំពេញបេសកកម្មនេះ នាពេលកន្លងមក។ លទ្ធផលដ៏ប្រពៃនៃរាល់កិច្ចការទាំងឡាយដែលខ្ញុំបានបំពេញ គឺបានមកដោយសារ
ការដឹកនាំដ៏វៃឈ្លាស ប្រកបដោយគតិបណ្ឌិត ទេពកោសល្យដ៏ប៉ិនប្រសប់ ប្រកបដោយតេជះនៃបារមី មានភាពប្រាកដនិយម និងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតេជោ ហ៊ុន សែន។

យើងខ្ញុំ សូមរួមជាមួយប្រជាជនកម្ពុជា ដើម្បីសំដែងនូវកតញ្ញូតាធម៌ កតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុត និងការចងចាំជានិច្ចនូវមហាគុណូបការៈទាំងឡាយរបស់ សម្តេចតជោ សម្រាប់បុព្វហេតុប្រទេសជាតិ បុព្វហេតុតំបន់និងបុព្វហេតុជាសាកលលោក ជាពិសេសថ្វីដៃ និងទេពកោសល្យដឹកនាំដ៏ប៉ិនប្រសប់គ្មានតួប្រៀបរបស់ សម្តេចតជោ
ទាំងលើសមរភូមិការទូត និងអន្តរជាតិ ទាំងលើសមរភូមិសេដ្ឋកិច្ច និងសង្គមកិច្ច ទាំងលើសមរភូមិការពារអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងរយះពេលជាង៣ទសវត្សរ៍កន្លងមក ជាពិសេសស្នាដៃអមតៈជាប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់របស់សម្តេចតេជោ នោះគឺនយោបាយ ឈ្នះ-ឈ្នះ ដែលកម្ពុជាបាន និងកំពុងបន្តក្រេបជញ្ជក់នូវសន្តិភាព ឯកភាពទឹកដី ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម លទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស ព្រមទាំងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញវត្ថុ ការអភិវឌ្ឍគ្រប់ផ្នែក និងគ្រប់វិស័យ ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព សមធម៌ និងបរិយាបន្ន។ សម្តេចតេជោ បានកៀរគរកម្លាំងជាតិទាំងមូល ការពារ និងរក្សាបានទាំងស្រុងនូវអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសដ៍មហាវិសេសវិសាលបំផុតនេះ យើងខ្ញុំសូមគោរពជូនពរបវរមហាប្រសើរបំផុតជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សូមសម្ដេចប្រកបដោយសុខភាពល្អបរិបូណ៌ជានិច្ច ជន្មាយុយឺនយូរ កាយពលមាំមួន បញ្ញាញាណវៃឈ្លាស ភ្លឺថ្លា និងមុតស្រួច សិរីមង្គល វិបុលភាព សុភមង្គល ជាភិយ្យោភាពក្នុងគ្រួសារ និងសម្រេចបានជោគជ័យធំៗថែមទៀត ក្នុងបេសកកម្មជាតិជាប្រវត្តិសាស្ត្រដ៏ឧត្ដុង្គឧត្តមរបស់សម្តេចតេជោ ប្រយោជន៍នាំមកនូវ វិបុលភាព ភាពសុខដុមរមនា សុភមង្គលសម្រាប់ប្រជាជនកម្ពុជា ការពារបាននូវអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងលើកតម្កើងកិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែខ្ពស់ត្រដែតនៅលើឆាកអន្តរជាតិ។

ខ្ញុំសូមប្រសិទ្ធពរសព្ទសាធុការបវរមហាប្រសើរដ៏ឧត្ដុង្គឧត្តមគោរពជូនចំពោះ សម្តេចតជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំង បុត្រធីតា និង ចៅៗ សូមប្រកបដោយពរជ័យ សិរីមង្គល វិបុលភាព សុភមង្គល និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕