លោកជំទាវ សោម គីមសួគ៌ ផ្ញើសារអបអរសាទរជូនចំពោះ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ក្នុងឱកាសដែលត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមជា «សម្តេចសេដ្ឋវិទូភក្តី គាត ឈន់»


(ភ្នំពេញ)៖ លោកជំទាវ សោម គីមសួគ៌ អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិបានផ្ញើសារអបអរសាទរជូនចំពោះឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ក្នុងឱកាសដែលឯកឧត្តមត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់ជា «សម្តេចសេដ្ឋវិទូភក្តី គាត ឈន់»។

គោរមងារ ដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានជូននាឱកាសនេះ គឺពិតជាស័ក្តិសមនឹងគុណបំណាច់ដ៏ធំធេងរបស់សម្ដេចសេដ្ឋវិទូភក្តី បានចូលរួមដង្ហែព្រះរាជកិច្ច និងព្រះរាជតម្រិះ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងសម័យសង្គមរាស្ត្រនិយម រហូតដល់ឆ្នាំ១៩៧៥ និងបានបន្តចូលរួមដង្ហែក្នុងការស្វែងរកសុខសន្តិភាពជូនប្រជារាស្ត្រកម្ពុជា ព្រមទាំងបានលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញា ស្មារតី ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់តាំងពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ២០១៣ ព្រមទាំងបានចូល រួមចំណែកដឹកនាំពង្រឹងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាតិ ជួយលើកស្ទួយជីវភាពប្រជារាស្ត្របានល្អ ប្រសើរ រក្សាបាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី ក្រោមកិច្ចដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអគ្គមគ្គុទ្ទេសក៍ដឹកនាំដ៏ឆ្នើមឈ្លាសវៃ និងប៉ិនប្រសប់ នៃព្រះរាជាណាចក្រកម្ពុជា ។

ជាថ្មីម្តងទៀតយើងខ្ញុំទាំងអស់គ្នា សូមប្រសិទ្ធពរជ័យមហាប្រសើរជូនចំពោះ សម្តេចសេដ្ឋវិទូភក្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕