សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រាបបង្គំទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៥ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវា ៨ ឧសភា ២០២៦


បន្ទាប់ពីបានទទួលព្រះរាជសារលិខិត និងព្រះរាជទ្រព្យចំនួន ៥០,០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) អំពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តាមរយៈ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៅព្រឹកថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦នេះរួចមក លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានក្រាបបង្គំទូលថ្វាយនូវសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានទូលថ្វាយថ្លែងអំណរព្រះរាជគុណ សម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលមានខ្លឹមសារថា៖

«ខ្ញុំម្ចាស់ ព្រមទាំងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយឥតឧបមា ដោយបានទទួលព្រះរាជសារ និងព្រះរាជទ្រព្យ ចំនួន 50.000 USD (ហាសិបពាន់ដុល្លារអាម៉េរិក) ដែលជាព្រះរាជទានដ៏ថ្លៃថ្លា របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតតាមរយៈ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង សម្រាប់ជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមជួយគាំទ្រដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី ១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមមូលបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌”។

ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាត ថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុត ថ្វាយ សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងតែសព្វព្រះរាជហឫទ័យដ៏ជ្រះថ្លា ប្រោសព្រះរាជូបត្ថម្ភប្រចាំឆមាស និងរៀងរាល់ទិវា ៨ ឧសភា ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌ ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងក្នុងពេលថ្មីៗនេះ ជួយដល់ប្រជាជនភៀសសឹកកម្ពុជានៅតាមបណ្តាខេត្ត តាមព្រំដែនកម្ពុជា-ថៃ។

ខ្ញុំម្ចាស់ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ទេវតារក្សាព្រះមហា ស្វេតច្ឆត្រ ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមប្រោសប្រទានពរជ័យ វិបុលសុខ មហាប្រសើរគ្រប់ប្រការ ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គបានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕