សម្តេចភក្តី សាយ ឈុំ អញ្ជើញចុះជួបអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ


ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចវិបុសសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបអាជ្ញាធរ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ នៅសាលាខណ្ឌ ដើម្បីស្វែងយល់ និងស្តាប់របាយការណ៍ អំពីសភាពការណ៍ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈពីការងារសេដ្ឋកិច្ច សង្គម និងពីជីវភាពរស់នៅប្រកបការងារប្រចាំថ្ងៃ ការបង្កបង្កើនផលរបស់ប្រជាជន នៅក្នុងភូមិសាស្រ្តខណ្ឌ។

ក្នុងឱកាសនោះដែរ សម្តេចក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំបក្ស និងរាជរដ្ឋាភិបាល ជូនចំពោះបងប្អូន និងជម្រាបជូនអំពីសភាពការណ៍រីកចម្រើន នៃសេដ្ឋកិច្ច សង្គម សភាពការណ៍សន្តិសុខ សភាពការណ៍នយោបាយ ដែលកំពុងមានការវិវត្ត ពីមួយថ្ងៃទៅមួយថ្ងៃ។

សម្តេចភក្តី ក៏បានផ្តល់នូវអនុសាសន៍ជូនចំពោះអាជ្ញាធរខណ្ឌ សូមបន្តយកចិត្តទុកដាក់អោយកាន់តែខ្លាំងក្លាក្នុងការបំពេញការងារ ការពាររក្សាសុខសុវត្ថិភាពសណ្តាប់ធ្នាប់ក្នុងសង្គម ព្រមទាំងការងារបម្រើសេវាសាធារណៈជូនប្រជាជនអោយកាន់តែល្អប្រសើរឡើងថែមទៀត និងជាពិសេសគឺពង្រឹងស្មារតីរក្សាអោយបានសាមគ្គីភាព ក្នុងជួរមន្រ្តីរបស់ខណ្ឌ និងនៅថ្នាក់មូលដ្ឋាន សង្កាត់ភូមិ អោយកាន់តែរឹងមាំ និងមិនមានការរើសអើង។