លោកជំទាវ វង គន្ធារី ឆាយឫទ្ធិសែន ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ខួបលើកទី១១៥ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ជូនថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋានចាប់ពីកម្រិតស្រុក រហូតដល់កម្រិតភូមិដែលជានារី នៅក្នុងស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស។
ពិធីនេះដែរ ត្រូវបានរៀបចំដាច់ដោយឡែកពីគ្នានៅក្នុងសាលាស្រុកសាមគ្គីមានជ័យ និងក្នុងសាលាស្រុកទឹកផុស ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រីអនុប្រធានកិត្តិយស ប្រធាន អនុប្រធាន និងសមាជិកានៃសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងអភិវឌ្ឍន៍ជនបទ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានជានារី នៅទូទាំងស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស សរុបចំនួន ៣៧៥រូប។
ជាកិច្ចចាប់ផ្ដើមនៃកម្មវិធី មានការអាននូវរបាយការណ៍សង្ខេបអំពីស្ថានភាពទូទៅ និងស្ថានភាពការងាររបស់ថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងអាជ្ញាធរមូលដ្ឋានជានារី ចាប់ពីថ្នាក់ស្រុក រហូតដល់ថ្នាក់ភូមិ ដោយអភិបាលរងនៃគណៈអភិបាលស្រុក នៃស្រុកទាំងពីរ។
នាឱកាសនោះដែរ លោកស្រី ប្រាក់ សោភ័ណនារី អនុប្រធានកិត្តិយសាខាសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងអភិវឌ្ឍន៍ជនបទ បានអានព្រះរាជសាររបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦។
លោកជំទាវ វង គន្ធារី ឆាយឫទ្ធិសែន បានសម្តែងនូវការអបអរសាទរប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅជូនចំពោះអង្គពិធី ក្នុងឱកាសដ៏វិសេសវិសាលនេះ។ លោកជំទាវ បានមានប្រសាសន៍សំណេះសំណាល ដោយបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទី និងភារកិច្ចយ៉ាងសកម្ម ជាពិសេសការផ្ដល់សេវាសាធារណៈតាមតម្រូវការ និងសេវាសាធារណៈតាមសំណូមពរជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន បានយ៉ាងមានប្រសិទ្ធភាព ដែលជាការចូលរួមដ៏ចាំបាច់ដើម្បីធ្វើឱ្យសម្រេចនូវយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
លើសពីនេះទៀត លោកជំទាវបានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់នារីគ្រប់រូប ក្នុងការថែរក្សាសុភមង្គមក្នុងគ្រួសារ ការថែរក្សា អប់រំកូនចៅ ឱ្យក្លាយជាមូលធនមនុស្សសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ជាពិសេសតួនាទី ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន និងការថែរក្សាសុខសន្ដិភាពជាតិ មាតុភូមិ។
ជាថ្មីម្ដងទៀត លោកជំទាវបានអំពាវនាវដល់អង្គពិធីទាំងពីរ និងភាគីពាក់ព័ន្ធទាំងអស់ បន្តរួមដៃគ្នាថែរក្សាសន្តិភាព និងពង្រឹងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារឱ្យកាន់តែរឹងមាំ៕
















































