ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សំណូមពរឱ្យយុវជនទាំងអស់ បន្តការគាំទ្រជឿជាក់ និងជឿទុកចិត្ត លើគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល


នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សខេត្តរតនគីរី ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញជាអធិបតីភាពក្នុងវេទិកា «ពិភាក្សាជាមួយយុវជនគណបក្សខេត្តរតនគិរី»

ពិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ញ៉ែម សំអឿន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី, លោកអនុប្រធានគណៈប្រចាំការ, លោកសមាជិកគណៈប្រចាំការ, លោក លោកស្រី យុវជនគណបក្សថ្នាក់កណ្តាល ព្រមទាំងសមាជិក សមាជិកាគណៈអចិន្រ្តៃយ៍គណៈកម្មាធិការខេត្ត និងសមាជិក សមាជិកាយុវជនគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែកទូទាំងខេត្តរតនគិរី សរុបចំនួន ៣៣០ រូប។

វេទិកាពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងនូវគោលជំហរ ទស្សនៈ និងការគាំទ្រលើការដឹកនាំរបស់គណបក្សនិងថ្នាក់ដឹកនាំរបស់គណបក្ស ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានគណបក្ស និងសម្តេចធិបតី អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា។

វេទិកាដ៏មានសារៈសំខាន់បានទទួលបាននូវមតិយោបល់ ការស្វែងយល់បន្ថែមនូវចំណេះដឹង និង បទពិសោធន៍នៃការដឹកនាំរបស់ថ្នាក់ដឹកនាំកំពូលរបស់គណបក្សតាមរយៈ ការចូលរួមជាសំណួរ និងសំណូមពរយ៉ាងផុសផុលពីបងប្អូនយុវជនគណបក្សប្រជាជនកម្ពុជាខេត្តរតនគីរី ក្នុងបុព្វហេតុការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងចូលរួមកសាងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀតក្រោមការដឹកនាំ របស់ សម្តេចតេជោ និងសម្តេចធិបតី។

មានមតិក្នុងវេទិកា ឯកឧត្តមបណ្ឌិត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចធិបតីជូនចំពោះ លោក លោកស្រី និងសមាជិក សមាជិកាយុវជនគណបក្សខេត្តរតនគីរីនិងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយដែលខេត្តរតនគីរីសម្រេចបានក្រោមការដឹកនាំរបស់លោក ញ៉ែម សំអឿន ប្រធានគណៈបក្សខេត្ត រួមជាមួយលោក លោកស្រី ជាថ្នាក់ដឹកនាំ សមាជិកសមាជិកា និងយុវជនគណបក្សនៅទូទាំងខេត្តរតនគីរី។

អង្គវេទិកាបានប្រព្រឹត្តទៅយ៉ាងក្លៀវក្លា ដោយមានការចូលរួមមតិយោបល់ តាំងសំណួរ និងសំណូមពរ ជាច្រើនពីសំណាក់សមាជិកសមាជិកាយុវជន ដោយផ្តោតជាសំខាន់ អំពីស្ថានភាពនយោបាយនៅក្នុងប្រទេស និងបច្ចុប្បន្នភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចធបតី ប្រធានយុវជនគណបក្ស នៃជម្លោះព្រំដែនកម្ពុជា-ថៃ ព្រមទាំងសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ នៃរដ្ឋសភា បានសម្រេចបាន និងទិសដៅបន្តនៃការប្រែក្លាយកម្មវិធីនយោបាយ ឱ្យក្លាយជាផលប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនទូទាំងប្រទេស។

ក្នុងឱកាសនេះផងដែរ ឯកឧត្តមបណ្ឌិត បានសំណូមពរឱ្យបងប្អូនយុវជនទាំងអស់ បន្តការគាំទ្រជឿជាក់ និងជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងសូមកុំធ្វើសកម្មភាពដែលនាំឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ពជួរមុខ ខណៈដែលយើងត្រូវរួបរួមសាមគ្គីគ្នា ដើម្បីការពារជាតិ និងទឹកដីយើងទាំងអស់គ្នា ជាពិសេស កុំជឿ ឬ ចូលរួមផ្សព្វផ្សាយព័ត៌មានក្លែងក្លាយគ្រប់រូបភាពរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលតែងញុះញង់ បណ្តុះគំនិតហឹង្សាដោយចេតនា ក្នុងគោលដៅបំបែកបំបាក់សាមគ្គីជាតិរបស់កម្ពុជាយើង។

ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថាសម្តេចតេជោ និងសម្តេចធិបតី មិនរត់ចោលប្រទេស និងប្រជាជនឡើយ គឺនៅជាមួយប្រជាជនគ្រប់កាលៈទេសៈ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ដូច្នេះបងប្អូនត្រូវតែជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។

ឆ្លើយតបទៅនឹងបញ្ហាខាងលើនេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ព្រមទាំងគណៈអធិបតី បានធ្វើការបកស្រាយ បំភ្លឺយ៉ាងក្បោះក្បាយ និងបានសំណូមពរដល់បងប្អូនយុវជន គណបក្សទាំងអស់ កុំឲ្យ ចាញ់បោកការឃោសនា ឬឧបាយកល់របស់ពួកប្រឆាំងជ្រុលនិយម ដែលតែងតែប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមជាមធ្យោបាយវាយប្រហារ អុជអាល ញុះញង់ និងមួលបង្កាច់មកលើរាជរដ្ឋាភិបាល និងគណបក្ស ដើម្បីបង្កភាពវឹកវរ និងចលាចលនៅក្នុងសង្គម។

ពិតណាស់នៅក្នុងសង្គមប្រជាធិបតេយ្យ ជាពិសេសក្នុងសម័យឌីជីថល សតិអារម្មណ៍របស់ប្រជាពលរដ្ឋប្រែប្រួលគ្រប់ពេលវេលា តាមរយៈការនៅលាយឡំគ្នារវាងព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ បានធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រលំ និងមានការលំបាកក្នុងការកំណត់ឱ្យច្បាស់ថា តើព័ត៌មានណាពិត និងព័ត៌ណាក្លែងក្លាយ។ ដូច្នេះការងារសតិអារម្មណ៍ គឺជាការងារប្រចាំថ្ងៃ ដែលយើងត្រូវធ្វើជាប់ជាប្រចាំដូចភ្លៀងរលឹម។

បន្ថែមពីនេះ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់យុវជនគណបក្សធ្វើការផ្ញើនូវសំណូពរ និងយោបល់បន្ថែមនានានា ដែលអង្គវេទិកាតាមរយៈក្រុមសម្របការងារ និងប្រព័ន្ធកម្រងសំណួរដើម្បីរៀបចំជូនជារបាយការណ៍ជូនសម្តេចធិបតី អនុប្រធាន បានជ្រាបពីតម្រូការជាក់ស្តែងរបស់យុវជនគណបក្ស។

ដើម្បីឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន លោកបណ្ឌិតប្រធានបានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ដូចខាងក្រោម៖

១៖ យុវជនពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃឲ្យបានរឹងមាំ ក្នុងពេលសត្រូវឈ្លានពានដោយប្រើសង្គ្រាមចិត្តសាស្រ្តក្នុងការបំបែកបំបាក់ផ្ទៃក្នុងកម្ពុជា
២៖ យុវជនបក្សត្រូវបន្តគាំទ្រ ជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនដែលមានសម្តេចតេជោជាប្រមុខគណបក្សដឹកនាំដ៍មុតមាំ បន្តការគាំទ្រជឿជាក់លើរាជរដ្ឋាភិបាលដែលមានសម្តេចបវរធិបតីដែលជាអនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ដែលលោកតែងគិតគូរយកចិត្តទុកដាក់ ដោះស្រាយបញ្ហា ដោយយកអាយុជីវិតប្រជាពលរដ្ឋ និងទឹកដីជាធំ។
៣៖ ប្រធានគណបក្សខេត្តត្រូវបន្តធ្រៀបចំវេទិកានេះ ទៅតាមថ្នាក់ក្រុង ស្រុក ទាំង៦ ឃុំ សង្កាត់ទាំង ៥០ ដើម្បីផ្សព្វផ្សាយដែលជាបំណងរបស់សម្តេចបវរធិបតី ឲ្យយុវជនយល់ច្បាស់អំពីសភាពការណ៍ក្នុងប្រទេស បញ្ហាព្រំដែន អំពើពុករលួយ Scam Online៕