អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលសុខភាពព្រែកកក់ ស្រុកស្ទឹងត្រង់។
ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងថា មណ្ឌលសុខភាពព្រែកកក់ ទទួលខុសត្រូវលើភូមិចំនួន១៣ នៃឃុំព្រែកកក់ ដែលមានប្រជាជនសរុប ១៥,៨៣១នាក់។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា ក្រោមកិច្ចសហការរវាងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តជាមួយសប្បុរសជន ជាពិសេស លោកស្រីសាស្ត្រាចារ្យ ពឹង សយ (នាមដើម លី ឆេងគី) និងក្រុមគ្រួសារ បានឧបត្ថម្ភការសាងសង់អគារថ្មី ១ខ្នង (ទទឹង ៩ម៉ែត្រ បណ្តោយ ១៧ម៉ែត្រ) តម្លៃប្រមាណ ៣៨,០០០ដុល្លារ បែងចែកជា ៧បន្ទប់ និងបង្គន់អនាម័យ ៣បន្ទប់ (រួមទាំងបង្គន់សម្រាប់ជនពិការ១) ដោយអគារនេះ ចាប់ផ្តើមសាងសង់ពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៦ តាមផែនការ ហើយបានចាប់ផ្តើមផ្តល់សេវាបណ្តើរៗតាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦មកម្ល៉េះ។
ឯកឧត្តមអភិបាលខេត្ត បានយកឱកាសនោះផ្ដាំផ្ញើគ្រូពេទ្យ សូមឱ្យយកអាគារមណ្ឌលសុខភាព ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងថ្ងៃនេះ ប្រើប្រាស់ឲ្យអស់លទ្ធភាព ក្នុងគោលបំណងផ្ដល់នូវសេវាល្អ សេវាគំរូជូនដល់បងប្អូនប្រជាពលរដ្ឋរបស់យើង និងសូមបង្កើនចំណេះជំនាញ ឯកទេសឲ្យបានគ្រប់ៗគ្នា ពីព្រោះជំងឺក៏មានការរាតត្បាតកាចសាហាវដែរ។
ជាមួយគ្នានេះ ក៏សូមឲ្យធ្វើការកៀងគរដៃគូអភិវឌ្ឍន៍ សប្បុរសជននានា ដើម្បីបន្តចូលរួមគាំទ្រដើម្បីឲ្យអង្គភាពរបស់យើងមានការរីកចម្រើនតទៅមុខទៀត៕











