រដ្ឋមន្រ្តីសុខាភិបាល៖ «ការទម្លាប់រិះគិតពិចារណា នាំឱ្យយើងកាន់តែពូកែក្នុងការដោះស្រាយបញ្ហា ពិសេសនាំឱ្យយើងជាអ្នកដឹកនាំមើលឃើញ លើសពីការដែលយើងទម្លាប់មើលមិនឃើញ»


ក្នុងឳកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែមីនា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកដូច្នេះថា «ការទម្លាប់រិះគិតពិចារណា នាំឱ្យយើងកាន់តែពូកែក្នុងការដោះស្រាយបញ្ហា ពិសេសនាំឱ្យយើងជាអ្នកដឹកនាំមើលឃើញ លើសពីការដែលយើងទម្លាប់មើលមិនឃើញ»

កិច្ចប្រជុំនេះបានធ្វើឡើងនារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសុខាភិបាល ដែលមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។

ក្នុងឱកាសនេះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ និងណែនាំសំខាន់ៗ ដូចខាងក្រោម៖

*គ្រូពេទ្យ និងអ្នកវិជ្ជាជីវៈសុខាភិបាលត្រូវខ្ជាប់គុណធម៌ កិត្តិយស និងសេចក្តីថ្លៃថ្នូរ (dignity) របស់ខ្លួន ដែលផ្សារភ្ជាប់ជាមួយក្រមសីលធម៌វិជ្ជាជីវៈ

*បន្តពង្រឹងគុណភាពឱ្យកាន់តែប្រសើរឡើងទាំងសេវារដ្ឋ និងឯកជន

*ពង្រឹងសមត្ថភាពនៃការសង្គ្រោះបន្ទាន់នៅគ្រប់កម្រិត ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសេវាឯកជន

*បង្កើនការបម្រើសេវាជូនប្រជាពលរដ្ឋ ជាពិសេសការប្រើប្រាស់មូលនិធិសមធ៌ និង ប.ស.ស. ប្រកបដោយសមធម៌

*មន្ទីរពេទ្យទាំងអស់យកចិត្តទុកដាក់ថែរក្សាហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន អនាម័៏យ មធ្យោបាយទំនាក់ទំនង និងមធ្យោបាយធ្វើដំណើរ។

បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ ត្រូវបន្តខិតខំប្រឹងប្រែងជំរុញការងារដោយការទទួលខុសត្រូវខ្ពស់ សុជីវធម៌ គុណធម៌ សមធម៌ និងបង្កើនការសហការឱ្យកាន់តែជិតស្និទ្ធ៕