នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈអុីមាំខេត្ត អុីមាំស្រុក អុីមាំម៉ាស្ជិត និងនាយកគ្រូបង្រៀនខ្មែរឥស្លាមនៅខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ និងបានប្រគល់ផ្លែល្មើចំនួន៧,២៨០ គីឡូក្រាម ក្នុងនោះខេត្តត្បូងឃ្មុំទទួលបាន ៤,៤០០ គីឡូក្រាម និងក្រចេះ ២,៨៨០គីឡូក្រាម សម្រាប់ចែកជូនសាសនិកឥស្លាមនៅក្នុងខេត្តទាំងពីរនេះ។
អំណោយផ្លែល្មើនេះ ជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ ព្រះចៅ សាល់ម៉ាន ពិន អាប់ឌុលអាហ្ស៊ីស អាល់សាអ៊ូដ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដែលបានផ្តល់ជូនតាមរយៈមជ្ឈមណ្ឌលសង្គ្រោះ និងជំនួយមនុស្សធម៌ស្តេចសាល់ម៉ាន (KSrelief) សម្រាប់ចែកជូនបងប្អូនសាសនិកឥស្លាមកម្ពុជា ក្នុងឱកាសបួសខែរ៉ាម៉ាឌន ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានគូសបញ្ជាក់ថា សម្រាប់ខែបួសរ៉ាម៉ាឌនឆ្នាំ២០២៦នេះ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានផ្តល់ជំនួយមនុស្សធម៌ផ្លែល្មើចំនួន៣០តោនដល់កម្ពុជា ក្នុងនោះតាមរយៈមជ្ឈមណ្ឌលជួយសង្គ្រោះ និងមនុស្សធម៌របស់ ព្រះចៅ សាល់ម៉ាន ពិន អាប់ឌុលអាហ្ស៊ីស ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត (KSRelief) ចំនួន ២៥តោន និងក្រសួងកិច្ចការឥស្លាមអារ៉ាប៊ីសាអូឌីត ចំនួន៥តោន ខណៈឆ្នាំ២០២៥ កន្លងទៅក៏បានផ្តល់ជូនចំនួនដូចគ្នាផងដែរ។
លោកទេសរដ្ឋមន្ត្រី ក៏បានឲ្យដឹងថា ផ្លែល្មើដែលជាព្រះរាជអំណោយសរុបចំនួន៣០តោន គឺឯកឧត្តមបានចាត់តាំង តំណាងនាំយកប្រគល់ជូនដល់គណៈអ៉ីមាំខេត្តនៅទូទាំងប្រទេស ដើម្បីឲ្យសាសនិកឥស្លាមនៅតាមបណ្តាខេត្តនីមួយៗ ទទួលបាននូវផ្លែល្មើសម្រាប់ប្រើប្រាស់ក្នុងពិធីស្រាយបួស នាខែរ៉ាម៉ាឌនដ៏ពិសិដ្ឋនេះបានគ្រប់ៗគ្នា។
ទេសរដ្ឋមន្ត្រីបានបន្តថា ក្រៅពីផ្លែល្មើឆ្នាំ២០២៦នេះ អារ៉ាប៊ីសាអូឌីត ក៏បានផ្តល់អំណោយកញ្ចប់អាហារស្រាយបួសចំនួន ៨៨៥០កញ្ចប់ ដល់សហគមន៍ឥស្លាមកម្ពុជាសម្រាប់ចែកជូនសាសនិកឥស្លាមនៅតាមបណ្តារាជធានី ខេត្តនានា ដែលទើបតែបានបញ្ចប់បេសកកម្មចែកនាពេលថ្មីៗនេះ។
លោកបានរំលឹកថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានខិតខំប្រែប្រែងដឹកនាំប្រទេសយ៉ាងខ្លាំងខ្លា ធ្វើយ៉ាងណាដើម្បីឲ្យប្រជាពលរដ្ឋមានជីវភាពរស់នៅធូរធា សេដ្ឋកិច្ចមានការកើនឡើងបន្ថែមទៀត រក្សាបាននូវសុខសន្តិភាព ព្រមទាំងបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយគ្មានការរើសអើងពូជសាសន៍ និងជម្លោះសាសនាឡើយ។
ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមបន្តថែរក្សាសុខសន្តិភាព សុខដុមនីយកម្ម ជាតិសាសន៍ និងសាសនា ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕









































