ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញជាអធិបតី ក្នុងកម្មវិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ


នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីប្រកាសចូលកាន់មុខតំណែងលោក ឡាយ សុទ្ធី ជាប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ ដោយមានវត្តមានចូលរួមពីឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា ការប្រកាសចូលកាន់មុខតំណែងនាថ្ងៃនេះ ពិតជាមានសារសំខាន់ និងឆ្លុះបញ្ចាំងពីការទទួលស្គាល់ និងការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជារាជរដ្ឋាភិបាល ចំពោះមន្ត្រីរាជការដែលមានគុណវុឌ្ឍិ មានសមត្ថភាព ស្នាដៃ ឆន្ទៈ និងខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានល្អប្រសើរ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រនានាដែលរាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តនៅក្នុងក្របខ័ណ្ឌនៃការកែទម្រង់ស៊ីជម្រៅ ដើម្បីលើកកម្ពស់អភិបាលកិច្ច ប្រសិទ្ធភាពការងារ និងការផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋកាន់តែប្រសើរ។

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ដែលទើបទទួលបានការតែងតាំងថ្មី សូមខិតខំបំពេញភារកិច្ចដែលថ្នាក់លើប្រគល់ជូនឱ្យកាន់តែប្រសើរឡើងថែមទៀត ប្រកាន់ខ្ជាប់នូវគោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ រក្សានូវសុចរិតភាព ពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាមន្ទីរ-អង្គភាពជំនាញខេត្ដ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ជាតិនិងអន្ដរជាតិ ដោយតម្ដល់នូវឧត្ដមប្រយោជន៍ជាតិ និងប្រជាជនជាធំ ពិសេស កិច្ចការអន្តរាគមន៍ឆ្លើយចំពោះគ្រោះធម្មជាតិដែលកើតមានឡើងជាយថាហេតុក្នុងមូលដ្ឋាន។

សូមបញ្ជាក់ថា អនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ១៦០ អនក្រ.តត ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ត្រូវបានតែងតាំង និងប្រគល់ភារកិច្ចជូនលោក ឡាយ សុទ្ធី អត្តលេខ ១៦៩១៧០០០២៦ ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ជំនួសលោក យឹម ប៊ុនរ៉ុម ដែលបានចូលនិវត្តន៍៕