អភិបាលខេត្តប៉ៃលិន បញ្ចុះបឋមសីលាសាងសង់រង្វង់មូល «រូបសំណាកនៅព្រះវិស្ណុ» លើដងផ្លូវជាតិលេខ៥៧ ដើម្បីលើកកម្ពស់សោភ័ណភាព និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍


(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញបញ្ចុះបឋមសីលា សាងសង់រង្វង់មូលថ្មីបន្ថែមទៀត «រូបសំណាកនៅព្រះវិស្ណុ» នៅលើដងផ្លូវជាតិលេខ៥៧ កន្លែងផ្លូវបំបែកជា៤ ចំណុចវត្តអូរច្រា ស្ថិតក្នុងសង្កាត់ ទួលល្វា ក្រុងប៉ៃលិន ដើម្បីលើក កម្ពស់ សោភ័ណភាព និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ធានាសុវត្ថិភាពក្នុងការធ្វើដំណើរ របស់ប្រជាពលរដ្ឋ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា ក្រោមគោលនយោបាយឈ្នះឈ្នះ និងក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិទទួលបាននូវសុខ សន្តិភាព ពេញលើ ផ្ទៃប្រទេស មានស្ថេរភាពនយោបាយ ជាពិសេសបានធ្វើឱ្យខេត្តប៉ៃលិន ដែលជាខេត្តជាយដែន និងធ្លាប់ជាសមរភូមិយ៉ាងក្តៅគគុក មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ហើយជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធា ឡើងពីមួយថ្ងៃទៅមួយថ្ងៃគួរជាទីមោទន ហើយជាក់ស្តែងបន្ទាប់ពីរង្វង់មូលមួយនេះ បានលេចចេញជារូបរៀងឡើងនាពេលខាងមុខ គឺនឹង ជួយ សម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ និងបានបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានឡើង ជាញឹកញាប់នៅត្រង់ចំណុចផ្លូវបំបែកជាបួននេះ។

នៅក្នុងឱកាសនោះលោកជំទាវបណ្ឌិត បាន ស្រីមុំ បានអំពាវនាវប្រជាពលរដ្ឋ នាំគ្នាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងសំណូមពរ រួមគ្នាជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ជាពិសេសមេត្តាយោគយល់ និងអធ្យាស្រ័យ ចំពោះផលប៉ះពាល់ ព្រមទាំងចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យសមិទ្ធផលថ្មីនេះសម្រេចបានទៅតាមការគ្រោងទុក និងឆាប់បានប្រើប្រាស់ទាំងអស់គ្នា។

ប្រជាពលរដ្ឋ បានបង្ហាញនូវសេចក្តីត្រេកអរយ៉ាងខ្លាំង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវបណ្ឌិតអភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ដែលតែងតែគិតគូរ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅ តាម មូលដ្ឋាន ជាពិសេសការធានាសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ៕