ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះតាមខ្នងផ្ទះពលរដ្ឋដើម្បីប្រគល់រូបថតជូនកុមារ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ


នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសសធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺបានអញ្ជើញប្រគល់រូបថតជូនកុមារតាមខ្នងផ្ទះ នៅឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីក្រុមការងារចុះមូលដ្ឋានឃុំជាំសង្កែ គណៈកម្មាធិការគណបក្សឃុំជាំសង្កែ, គណៈសាខាបក្សភូមិ និងក្រុមចលនាភូមិទាំង៩ លោក លោកស្រី សមាជិក សមាជិកា ក្រុមការងារប៉ាម៉ានី នាយកសាលា និងលោកគ្រូ អ្នកគ្រូជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះក្រុមការងារប៉ាម៉ានី លោកនាយកសាលាទាំង៣ លោកគ្រូ អ្នកគ្រូ អាជ្ញាធរឃុំ ភូមិ និងក្រុមការងារទាំងអស់ ជាពិសេសលោក លី ច័ន្ទតុលា និងលោកស្រី ឈីវ ភិរម្យ ដែលបានសម្របសម្រួលរៀបចំកម្មវិធីនេះឡើង។

បន្ទាប់ពីសំណេះសំណាលជាមួយក្រុមការងាររួចមក ឯកឧត្តម ហ៊ុន ម៉ានី ក៏បានចុះផ្ទាល់ដល់ខ្នងផ្ទះយករូបថតទៅប្រគល់ដល់ដៃកូនៗ និងឆ្លៀតឱកាសសួរសុខទុក្ខ លើកទឹកចិត្តកូនៗ ក៏ដូចជាផ្ដាំផ្ញើដល់ឪពុកម្តាយអាណាព្យាបាល ឲ្យខិតខំថែទាំកូនចៅ ជាពិសេសត្រូវយកចិត្តទុកដាក់តាមដានការសិក្សារបស់កូនៗ ដើម្បីអនាគតពួកគេ ក្លាយជាធនធានមានតម្លៃសម្រាប់ប្រទេសជាតិ។

សូមជម្រាបថា កម្មវិធីប្រគល់-ទទួល និងចែករូបថតជូនកុមារ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្តល់ជូនសិស្សានុសិស្សនៅតាមសាលាបឋមសិក្សាទូទាំងខេត្តកំពង់ស្ពឺ នូវអនុស្សាវរីយ៍ដ៏មានន័យនៃវ័យកុមារភាពរបស់ពួកគេ៕