ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បន្តបេសកម្ម អញ្ជើញជាអធិបតីភាពក្នុងវេទិកា «ពិភាក្សាជាមួយយុវជនខេត្តសៀមរាប» ដែលជាខេត្តគោលដៅទី ៥


នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញជាអធិបតីភាពក្នុងវេទិកា «ពិភាក្សាជាមួយយុវជនគណបក្សខេត្តសៀមរាប» ដោយមានការអញ្ញើញចូលរួមពី ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានយុវជនគណបក្សខេត្តសៀមរាប, អនុប្រធានគណៈប្រចាំការ, ព្រមទាំង លោក លោកស្រី ជាថ្នាក់ដឹកនាំគ្រប់ថ្នាក់ គ្រប់ផ្នែកក្នុងខេត្តសៀមរាប សរុបអ្នកចូលរួមចំនួន ៣០០ រូប ដើម្បីបន្តបេសកកម្ម ក្នុងការស្វែងយល់ពី សតិអារម្មណ៍ ទុក្ខកង្វល់ មតិយោបល់ សំណួរ ឬសំណូមពរ ពីបងប្អូនយុវជនគណបក្សប្រជាជនកម្ពុជា ដើម្បីរៀបចំផែនការជាមូលដ្ឋានក្នុងការរៀបចំផែនការឆ្ពោះទៅកាន់ការបោះឆ្នោត នាពេលខាងមុខ ចូលរួមជាមួយគណបក្ស និងរាជរាដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងចូលរួមកសាងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀតក្រោមការដឹកនាំ របស់ សម្តេចតេជោ និងសម្តេចធិបតី។

មានមតិក្នុងពិធីបើកកម្មវិធីសំណេះសំណាល ឯកឧត្តមបណ្ឌិត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចធិបតីនិងលោកជំទាវបណ្ឌិត ជូនចំពោះអង្គពិធីទាំងមូល ព្រមទាំង បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយ ដែលខេត្តសៀមរាបសម្រេចបាន ក្រោមការដឹកនាំរបស់លោក ប្រាក់ សោភ័ណ ប្រធានគណៈបក្សខេត្ត រួមជាមួយ លោក លោកស្រី ជាថ្នាក់ដឹកនាំ សមាជិកសមាជិកា និងយុវជនគណបក្សនៅទូទាំងខេត្តសៀមរាប។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតប្រធាន ក៏បានលើកទឹកចិត្តឱ្យយុវជន ដែលជាអ្នកបន្តវេន និងជាកោសិកាបក្ស លើកជាសំណួរ សំណូមពរ និងបញ្ហាផ្សេងៗដោយសេរី ដើម្បីបង្ហាញពីភាពស្និទ្ធស្នាល និងការផ្សារភ្ជាប់រវាង ថ្នាក់កណ្តាល និងថ្នាក់ខេត្ត ក្នុងន័យជាមហាគ្រួសារដ៏រឹងមាំរបស់គណបក្ស។

អង្គពិធីបានប្រព្រឹត្តទៅយ៉ាងផុលផុស ដោយមានការចូលរួមមតិយោបល់ សំណួរ និងសំណូមពរ ជាច្រើនពីសំណាក់សមាជិកសមាជិកាយុវជន ដោយផ្តោតជាសំខាន់អំពីស្ថានភាពនយោបាយនៅក្នុងប្រទេស, ជម្លោះព្រំដែនកម្ពុជា-ថៃ, បញ្ហាប្រេងឡើងថ្លៃ និងបញ្ហាសង្គមផ្សេងៗទៀត ។

ឆ្លើយតបទៅនឹងបញ្ហាខាងលើនេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ព្រមទាំងគណៈអធិបតី បានធ្វើការបកស្រាយ បំភ្លឺយ៉ាងក្បោះក្បាយ និងបានសំណូមពរដល់បងប្អូនយុវជនគណបក្សទាំងអស់ កុំឲ្យចាញ់បោកការឃោសនា ឬឧបាយកល់របស់ពួកប្រឆាំងជ្រុលនិយម ដែលតែងតែប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមជាមធ្យោបាយវាយប្រហារ អុជអាល ញុះញង់ និងមួលបង្កាច់មកលើរាជរដ្ឋាភិបាល និងគណបក្ស ដើម្បីបង្កភាពវឹកវរ និងចលាចលនៅក្នុងសង្គម។

ដើម្បីឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន បណ្ឌិតប្រធាន បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ដូចខាងក្រោម៖

១. យុវជននៅទីនេះ បន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងអោយបានរឹងមាំ លើកកម្ពស់ស្មារតីស្នេហាជាតិ ក្នុងស្ថានភាពប្រទេសកម្ពុជាត្រូវបានឈ្លានពានពីសំណាក់យោធាថៃ និងជៀសវាងធ្លាក់ចូលក្នុងអន្ទាក់ល្បិចកលចិត្តសាស្រ្តរបស់សត្រូវ ក្នុងការបំបែកបំបាក់ផ្ទៃក្នុងកម្ពុជា ។

២. បន្តលើកកម្ពស់ស្មារតីស្នេហារជាតិ និងបូរណភាពទឹកដី ដោយបន្តគាំទ្រ ជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខគណបក្សដឹកនាំដ៏មុតមាំ ព្រមទាំងបន្តការគាំទ្រជឿជាក់លើរាជរដ្ឋាភិបាលដែលមានសម្តេចបវរធិបតី ជាអនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ដែលសម្តេចតែងគិតគូរយកចិត្តទុកដាក់ ដោះស្រាយបញ្ហា ដោយយកអាយុជីវិតប្រជាពលរដ្ឋ និងទឹកដីជាធំ ដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញរបស់ប្រទេសយើង។

៣. យុវជនត្រូវបញ្ជ្រាបបន្តដល់ប្រជាពលរដ្ឋពីគោលនយោបាយរបស់រដ្ឋាភិបាល ។

៤. សូមឱ្យសមាជិកគណបក្សយល់យ៉ាងច្បាស់ពីគោលជំហររបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ទាំងយន្តការច្បាប់អន្តរជាតិ ការទូត និងមធ្យោបាយព័ត៌មាន ដើម្បីយកទឹកដីរបស់យើងមកវិញឱ្យទាល់តែបាន ។

៥. ក្តាប់អោយបានពីសារៈសំខាន់ សម្រាប់ដំណើរឆ្ពោះទៅការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២៧ ឆ្នាំ២០២៨ ខាងមុខនេះ ដើម្បីធានាឱ្យបក្សទទួលបានជោគជ័យ ទាំងការបោះឆ្នោតនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ ។

៦. យុវជនគ្រប់បណ្តាថ្នាក់បន្តប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ហើយត្រូវខិតខំផ្សព្វផ្សាយ ក៏ដូចជាចូលរួមគាំទ្រលើ Page របស់សម្តេចទាំងពីរ និងបណ្តាញផ្សព្វផ្សាយព័ត៌មានផ្សេងៗទៀតលើរាល់សមិទ្ធិផលនានា ឱ្យបានផុលផុសបន្ថែមទៀតដល់ប្រជាពលរដ្ឋ ។

៧. យើងទាំងអស់គ្នាជាយុវជន ត្រូវចង់ចាំឱ្យបានច្បាស់ពីមហិច្ឆតាឈ្លានពាន ក៏ដូចជាការរំលោភមកលើអធិបតេយ្យភាព ពីសំណាក់យោធាថៃមកលើបូរណភាពទឹកដីកម្ពុជា។ យើងទាំងអស់ត្រូវតែចង់ចាំ ពីការឈឺចាប់ ពីការធ្វើបាប និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ វត្តអារាម ប្រាង្គប្រាសាទយើង និងមិនត្រូវភ្លេចខ្លួន ត្រូវតែធ្វើសកម្មភាពជាយុទ្ធសាស្ត្រការពារទឹកដីរបស់យើង ។

៨. ស្នើគណកម្មាធិការបក្សគ្រប់ថ្នាក់ទាំងអស់ត្រូវបន្តរៀបចំវេទិកានេះ ទៅតាមថ្នាក់ក្រុង ស្រុកទាំង១៣ ឱ្យបានទូលំទូលាយ ដើម្បីផ្សព្វផ្សាយគោលនយោបាយលើវិស័យការពារជាតិ ក៏ដូចជាវិស័យកសិកម្ម និងវិស័យផ្សេងៗទៀតដែលជាសសរស្តម្ភ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ការរក្សាសន្តិភាព សណ្តាប់ធ្នាប់ជូនជនរួមជាតិ៕