ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) តំណាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. និងលោកស្រី រួមជាមួយលោកស្រី ចំរើន កតិកា ប្រធានសមាគមនារីនៃ ក.អ.ក. និងសហការី ព្រឹកថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦ បានចុះសួរសុខទុក្ខយោធិននារី និងគ្រួសារវីរកងទ័ពជួរមុខ នៅទីបញ្ជាការយោធភូមិភាគទី៤ ខេត្តសៀមរាប ដែលមានយោធិនជានារី និងគ្រួសារកងទ័ពទាំងអស់ចំនួន ២០០គ្រួសារ ដោយមានការអញ្ជើញទទួលស្វាគមន៍ពីសំណាក់ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤។
កម្មវិធីនេះត្រូវបានរៀបចំឡើងដោយសមាគមនារីនៃ ក.អ.ក. ដើម្បីអបអរសារទរ ខួបទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។
នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម បានធ្វើការវាយតម្លៃខ្ពស់ និងសម្តែងនូវការកោតសរសើរចំពោះការចូលរួមរបស់នារីនៅក្នុងវិស័យយោធា ក្នុងបេសកកម្មការពារបូរណភាពទឹកដី ដើម្បីអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើន។ ទន្ទឹមនេះ ឯកឧត្តមអគ្គលេខាធិការបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះវីរភាពអង់អាចក្លាហាន និងស្មារតីសាមគ្គីភាពដ៏មោះមុតរបស់បងប្អូនវីរកងទ័ពជួរមុខ យោធិននារី និងក្រុមគ្រួសារវីរកងទ័ពទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តដើម្បីការពារសុខសន្តិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋកម្ពុជា។
ដើម្បីតបស្នងដល់គុណូបការៈដ៏ធំធេងនេះ ឯកឧត្តមអគ្គលេខាធិការ និងសហការី រួមជាមួយសមាគមនារីនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានផ្តល់ជូន១គ្រួសារនូវថវិកាចំនួន ១៥ម៉ឺនរៀល, អង្ករ ២៥គក, មីមួយកេស, ទឹកស៊ីអ៊ីវ ១យួរ និងសម្លៀកបំពាក់ចំនួន ៤ ដែលអំណោយបន្តិចបន្តួចនេះអាចនឹងសម្រាលបន្ទុកជីវភាពបានមួយផ្នែក។ ជាមួយគ្នានេះផងដែរ លោកអគ្គលេខាធិការក៏បានឧបត្ថម្ភថវិកាចំនួន ២០លានរៀលដល់ទីបញ្ជាការយោធភូមិភាគទី៤ ដើម្បីប្រើប្រាស់ក្នុងការបំពេញការងារប្រចាំថ្ងៃ។
មុននឹងបញ្ចប់ ឯកឧត្តមអគ្គលេខាធិការបានលើកទឹកចិត្តដល់បងប្អូនកូនក្មួយទាំងអស់ ឱ្យបន្តមានស្មារតីអត់ធ្មត់ រួមសាមគ្គីគ្នា និងជឿជាក់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងខិតខំដោះស្រាយបញ្ហាប្រឈមនានា ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងធានាសុខុមាលភាពជូនប្រជាពលរដ្ឋទូទាំងប្រទេស៕











