អភិបាលខេត្តកំពត អញ្ជើញចុះចែកប័ណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លី ជូនពលរដ្ឋ នៅស្រុកដងទង់


ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅភូមិឈ្លីតក្រោម និងភូមិដំណាក់ត្រយឹង ឃុំខ្ជាយខាងត្បូង និងពិធីប្រកាសបិទផ្សាយ ជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ក្នុងភូមិត្រពាំងក្តារ និងភូមិខ្ពស់ និងភូមិអូរឫស្សី ឃុំស្រែជាខាងត្បូង ស្រុកដងទង់ ខេត្តកំពត។ ពិធីខាងលើបានប្រព្រឹត្តធ្វើឡើង នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅសាលាឃុំស្រែជាខាងត្បូង ស្រុកដងទង់ ខេត្តកំពត។

លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានកើកបញ្ជាក់ឱ្យដឹងថា ថ្ងៃនេះ ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ត្រូវបានធ្វើឡើងសម្រាប់បងប្អូនប្រជាពលរដ្ឋ មកពីភូមិចំនួន២ គឺភូមិឈ្លីតក្រោម និងភូមិដំណាក់ត្រយឹង ក្នុងឃុំខ្ចាយខាងត្បូង ស្រុកដងទង់ ខេត្តកំពត ដែលមានក្បាលដី សរុបចំនួន ៤.០៣១ក្បាលដី ស្មើនឹង ១.៨៤៥គ្រួសារ។ ចំណែកការប្រកាសបិទផ្សាយ ជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លី មានភូមិចំនួន៣ ក្នុងឃុំស្រែជាខាងត្បូង រួមមាន៖ ភូមិត្រពាំងក្ដារ ភូមិខ្ពស់ និងភូមិអូរឫស្សី ដែលមានក្បាលដីសរុបចំនួន ៤.៣៦០ក្បាលដី ស្មើនឹង ២.២១៧គ្រួសារ។

នាឱកាសនោះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានរំលេចថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី សម្តេចបានគិតគូរជានិច្ចនូវរាល់តម្រូវការរបស់ប្រជាពលរដ្ឋ ពិសេសការបែងចែកដីធ្លីជូនពលរដ្ឋ អតីតយុទ្ធជន នៅទូទាំងប្រទេសក្រោយពេលបញ្ចប់សង្គ្រាម។

ឯកឧត្តមអភិបាលខេត្ត បន្តថា បន្ទាប់ពីមានការចែកដីជូនរួចហើយ សម្តេចក៏បានបន្តរៀបចំចេញជាបណ្ណកម្មសិទ្ធិជូនពលរដ្ឋបន្តទៀត ដើម្បីបញ្ជាក់ពីភាពស្របច្បាប់នៃដីធ្លី របស់បងប្អូន ក្នុងន័យដើម្បីកុំឱ្យមានការរំលោភបំពានគ្នា ដែលអាចបង្កជាជម្លោះបាន។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ ក្រោមការដឹកនាំបន្តរបស់សម្តេចធិតបី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានបន្តអនុវត្តន៍នូវគោលនយោបាយដីធ្លី ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ហើយបានដាក់ចេញនូវកិច្ចចង្អុលការផ្ទាល់ និងជំរុញដល់អាជ្ញាធររាជធានី-ខេត្ត ក្រសួង និងមន្ទីរជំនាញ ឱ្យពន្លឿនក្នុងការចុះវាស់វែង និងចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់បំផុត ស្របតាមផែនការដែលបាន គ្រោងទុកដើម្បីឈានទៅសម្រេចបាននូវគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ប្រកបដោយ ប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន។

ឯកឧត្តមបានបញ្ជាក់ថា ក្នុងរយៈពេលជាង ៤ឆ្នាំ កន្លងមកនេះ ការដោះវិវាទក្រៅប្រព័ន្ធតុលាការរបស់លោក ក្នុងនាមរដ្ឋបាលខេត្ត បានប្រមាណជាង ៣ពាន់ ករណី ហើយ ក្នុងនោះវិវាទដីធ្លីមានប្រមាណជាង ៨០ ភាគរយនៃវិវាទទាំងអស់ ដោយសារដីធ្លីមួយចំនួនធំ មិនទាន់មានបណ្ណកម្មសិទ្ធិត្រឹមត្រូវ ដែលនេះជាបញ្ហាបង្កឱ្យមានវិវាទកើតឡើង។

ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្តសង្ឃឹមថា ក្រោយពេលពលរដ្ឋទទួលបានបណ្ណកម្មសិទ្ធិរួចរាល់ នោះ បញ្ហាវិវាទដីធ្លី នឹងមានការថយចុះ ឬអាចឈានដល់បញ្ចប់ពុំមានវិវាទ ព្រោះម្នាក់ៗមានបណ្ណសំគាល់កម្មសិទ្ធិដីធ្លីស្របច្បាប់ ដោយពុំអាចមាននរណាម្នាក់មករំលោភបំពានបាននោះទេ៕