ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានលើឡើងថា ស្រ្តីមានតួនាទីស្មើគ្នាជាមួយបុរស ដែលបានចូលរួមធ្វើការងារជូនប្រទេសជាតិ និងជាដៃគូរស្មើភាពជាមួយបុរស ដើម្បីចូលរួមលើកិច្ចអភិវឌ្ឍន៍ កសាង ថែររក្សា និងស្តារឡើងវិញនៅពេលដែលប្រទេសជាតិជួបវិបត្តិ។ ការផ្ដល់សិទ្ធិអំណាចដល់ស្ត្រី មិនមែនជាការប្រកួតប្រជែងជាមួយបុរសនោះទេ ប៉ុន្តែគឺជាការបំពេញបន្ថែម ដើម្បីបង្កើតនូវភាពធន់ សម្រាប់ជាតិទាំងមូល។
ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីជានារីសាលាខេត្ត នាឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» នៅសាលប្រជុំទេពឧកញ៉ាឃ្លាំងមឿង ដោយបានការអញ្ជើញចូលរួមពីលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ព្រមទាំងលោកស្រីសមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត និងមន្ត្រីរាជការជាច្រើនទៀត។
លោកជំទាវ ប៉ុក ណាឌី អភិបាលរងខេត្តពោធិ៍សាត់ បានថ្លែងថា ទិវាអន្តរជាតិ ៨ មីនាឆ្នាំនេះ ក្រោមប្រធានបទ«សន្តិភាព សន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ក្នុងគោលបំណងរំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃបាន ដែលជាបុរេលក្ខខណ្ឌដ៏ចម្បង ញ៉ាំងឱ្យស្រ្តី និងក្រុមគ្រួសារបានរស់នៅជួបជុំ ប្រកបដោយសុភមង្គល សុខដុមរមនា ទាំងផ្លូវកាយ និងផ្លូវចិត្តគ្រប់ជាតិសាសន៍ គ្មានការរើសអើង និងទទួលបានសិទ្ធិពេញលេញ ក្នុងការគោរពប្រតិបត្តិ ជំនឿសាសនា ទំនៀមទំលាប់ ប្រពៃណី និងកិច្ចគាំពារសង្គមដ៏ទូលំទូលាយហើយស្មើភាព។ ជាមួយគ្នានោះដែរ ក៏សូមសម្តែងនូវការគោរព ចំពោះឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ អរគុណឯកឧត្តម ខូយរីដា អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារី កម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ជាពិសេសបងប្អូននារី។
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា តួនាទីរបស់ស្រ្តីមិនមែនត្រឹមតែទទួលផលទេ តែស្រ្តីមានតួនាទីដូចបុរសធ្វើការងារជូនប្រទេសជាតិ ចូលរួមជាដៃគូស្មើភាពជាមួយបុរស ដើម្បីចូលរួមលើកិច្ចអភិវឌ្ឍន៍ កសាង ថែររក្សា និងស្តារឡើងវិញ នៅពេលដែលប្រទេសជាតិជួបវិបត្តិ។ ជាក់ស្តែងនៅក្នុងអំឡុងពេលមានបញ្ហានៅតាមបណ្តាយព្រំដែន ស្រ្តីបានចូលរួមនៅជួរមុខ ជាកងទ័ព ជានគរបាល ជាកងរាជអាវុធហត្ថ ហើយបានចូលរួមនៅជួរក្រោយ ដែរ ជាកងទ័ពអាវស ក្នុងការព្យាបាលអ្នករងរបួស និងចូលរួមនាំយកសម្ភារៈ ស្បៀងអាហារជូនកងទ័ពជួរមុខ និងជនភៀសសឹកផងដែរ។
ឯកឧត្តមបានបន្តថា ការផ្តល់សិទ្ធិជូនស្រ្តីឱ្យស្មើភាពនឹងបុរស មិនមែនជាការបង្អាក់តម្លៃ ឬមិនផ្តល់តម្លៃទៅកាន់បុរសនោះទេ តែបុរសត្រូវបានចាត់ទុកថា គឺជាដៃគូរដ៏សំខាន់ សម្រាប់ស្រ្តី ដែលគោរពគ្នាទៅវិញទៅមក ជួយកិច្ចការគ្នាទៅវិញទៅមកដោយសន្តិភាពនៅក្នុងសង្គមជាតិ ជាពិសេសនៅក្នុងសង្គមគ្រួសារ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានអំពាវនាវដល់ក្រុមគ្រួសារ ជាពិសេសស្វាមី និងដៃគូបុរសទាំងអស់ ជួយគាំទ្រ និងបង្កលក្ខណៈអំណោយផល ឱ្យស្រ្តីអាចចូលរួមចំណែកជាមួយនឹងបុរសដែរ ក្នុងការបំពេញការងារប្រកបដោយជោគជ័យ ហើយស្ត្រីខ្លួនឯង ត្រូវមានជំនឿជាក់លើខ្លួនឯង និងត្រូវពង្រឹងសមត្ថភាពខ្លួនឯង ឱ្យមានភាពរឹងមាំ ថ្លៃថ្នូរ ដើម្បីធ្វើដំណើរទៅមុខដោយស្មើភាពជាមួយនឹងបុរស។
ឯកឧត្តមអភិបាលខេត្ត សូមឱ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមថែរក្សាសុខភាព អនាម័យ សម្អាតទីធ្លា ផ្លូវសាធារណៈ ទីប្រជុំជនឱ្យកាន់តែមានសោភណ្ឌភាព បរិស្ថានស្អាតល្អ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីបង្ការផលប៉ះពាល់ដល់ការរស់នៅ ព្រោះថាកន្លងមកនេះខេត្តពោធិ៍សាត់បាននិងកំពុងអភិវឌ្ឍន៍ និងរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងខិតខំរួមគ្នាអនុវត្តចក្ខុវិស័យវែងឆ្ងាយ សម្រាប់ឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ៕



















































