អនុប្រធានទី២ព្រឹទ្ធសភា បានជំរុញឱ្យសមាជិកព្រឹទ្ធសភាយកចិត្តទុកដាក់តាមដានកិច្ចការជាប្រយោជន៍របស់ប្រជាពលរដ្ឋ និងសម្របសម្រួលរកដំណោះស្រាយបញ្ហាប្រឈម និងសំណូមពរដែលស្នើឡើងដោយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។
ក្នុងកិច្ចប្រជុំជាមួយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ទី៤ និងទី៧ នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំពិសេសព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា មានប្រសាសន៍ថា ការយកចិត្តទុកដាក់តាមដានកិច្ចការជាប្រយោជន៍របស់ប្រជាពលរដ្ឋ និងសម្របសម្រួលរកដំណោះស្រាយបញ្ហាប្រឈម និងសំណូមពរដែលស្នើឡើងដោយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ គឺជាកិច្ចការសំខាន់របស់សមាជិកព្រឹទ្ធសភាក្នុងនាមយើងជាអ្នកតំណាង។
សូមជម្រាបថា កិច្ចប្រជុំជាមួយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ទី៤ និងទី៧នេះ អង្គប្រជុំបានពិភាក្សាគ្នាយ៉ាងផុលផុសអំពីបញ្ហាប្រឈម និងសំណូមពរដែលត្រូវបន្តតាមដាន ព្រមទាំងពិភាក្សាអំពីការរៀបចំរបាយការណ៍ឱ្យខ្លី ខ្លឹម មានន័យគ្រប់គ្រាន់ និងមានសង្គតិភាព ដោយឆ្លុះបញ្ចាំងនូវកិច្ចសហការ និងគុណតម្លៃជាមួយភាគីពាក់ព័ន្ធលើបញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ ដែលមានក្នុងរបាយការណ៍ចន្លោះសម័យប្រជុំលើកទី៤ និងលើកទី៥ ដោយឯកឧត្តមបណ្ឌិតអនុប្រធានទី២ ព្រឹទ្ធសភាបានឯកភាព និងសាទរចំពោះលទ្ធផលសម្រេចក្នុងចន្លោះសម័យប្រជុំនេះ រួមមាន ការសម្របសម្រួលតាមសំណើប្រជាពលរដ្ឋសុំស្តារព្រែកនៅភូមិតានី ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង។ ការស្ថាបនាផ្លូវក្រាលកៅស៊ូ និងស្ថាបនាគ្រឹះក្រោមផ្លូវថ្មីចំនួន៤ខ្សែសរុបប្រវែងជាង១១គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ ចំណាយថវិកាប្រមាណជាង៣០ម៉ឺនដុល្លារអាម៉េរិក។ ការទទួលកុមារ និងប្រជាជនភៀសសឹកចំនួន៤០គ្រួសារមកពីភូមិព្រៃចាន់ និងភូមិជោគជ័យ ខេត្តបន្ទាយមានជ័យមកស្នាក់អាស្រ័យនៅខេត្តកំពង់ស្ពឺ ព្រមទាំងជួយឧបត្ថម្ភគាំទ្រការស្នាក់នៅ អាហារហូបចុក និងចូលរៀន។ ទទួលយកសំណើដើម្បីពិនិត្យ និងវាយតម្លៃ ដើម្បីជួសជុលផ្លូវឱ្យបានមុនរដូវភ្លៀង ព្រមទាំងភ្ជាប់បណ្តាញទឹកភ្លើងនៅភូមិឫទ្ធី១ និងឫទ្ធី២ ក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងការរៀបចំកៀរគរប្រមូលថវិកាសាងសង់អគារសិក្សានៅសាលាបឋមសិក្សាកោះដាច់ ខណ្ឌជ្រោយចង្វារ ដោយសង្ឃឹមថានឹងប្រមូលថវិកាបានគ្រប់គ្រាន់ដើម្បីសាងសង់អគារថ្មីនៅឆ្នាំ២០២៧៕



