អភិបាលខេត្តបាត់ដំបង បើកការដ្ឋានជួសជុលពង្រីកតួផ្លូវ ក្រាលកៅស៊ូDBST ប្រវែង ៣២០០ម៉ែត្រ និងស្ថាបនាលូមូលកាត់ទទឹងផ្លូវ ៤កន្លែង ក្នុងសង្កាត់អូរចារ និងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង


(បាត់ដំបង)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលស្តារឡើងវិញផ្លូវលេខ៥៤០ ដោយជួសជុលពង្រីកតួផ្លូវ ក្រាលកៅស៊ូ DBST ប្រវែង ៣២០០ម៉ែត្រ ទទឹង ១០ម៉ែត្រ និងស្ថាបនាលូមូលកាត់ទទឹងផ្លូវចំនួន៤កន្លែង ស្ថិតក្នុងសង្កាត់អូរចារ និងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានសហការចូលរួមរុះរើរសំណង់ផ្សេងៗដែលសង់រំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ដើម្បីបើកផ្លូវឱ្យបានធំទូលាយបង្កលក្ខណៈឱ្យរដ្ឋ បានជួសជុលផ្លូវឡើងវិញ បង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋក៏ដូចជាលើកកម្ពស់សោភ័ណភាព ក្រុងបាត់ដំបង។

ឯកឧត្តមក្រើនរំលឹកដល់អាជ្ញាធរក្រុងសង្កាត់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការរំដោះដីចំណីផ្លូវ រុះរើរសំយាប និងសំណង់ផ្សេងៗដែលសង់រំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ។ ឯកឧត្តមរំលេចអំពីចក្ខុវិស័យរៀបចំក្រុងបាត់ដំបងឱ្យទៅជាទីក្រុងវៃឆ្លាតស្អាត បៃតង និងអាចដើរបានដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ និងបង្កើនការទាក់ទាញភ្ញៀវទេសចរ។

ឯកឧត្តមអភិបាលខេត្ត ណែនាំដល់អាជ្ញាធរត្រូវចុះអប់រំប្រជាពលរដ្ឋឱ្យបញ្ឈប់ការលក់ដូរលើដីចំណីផ្លូវ ដោយត្រូវលក់ដូរនៅក្នុងផ្ទះរៀងៗខ្លួន ដើម្បីសណ្ដាប់ធ្នាប់ទីក្រុង និងលើកតម្កើងវប្បធម៌រស់នៅស្អាតទាំងអស់គ្នា។

ឯកឧត្តម សុខ លូ លើកទឹកចិត្តប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សចូលរួមរាយការណ៍ករណីគ្រឿងញៀនកម្មវិធីទូរសព្ទដៃ App NoDrug ដែលជាមធ្យោបាយលឿនរហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០%។ ឯកឧត្តមអំពាវនាវដល់ប្រជាពលរដ្ឋត្រូវរួបរួមសាមគ្គីគ្នា ជឿជាក់លើរាជរដ្ឋាភិបាល មិនត្រូវជ្រួលច្របល់ទិញប្រេងឥន្ធនៈស្តុកទុកនោះទេ ព្រោះកម្ពុជានៅអាចនាំប្រេងចូលជាបន្តបន្ទាប់ ខណៈពិភពលោកទាំងមូលកំពុងរងផលប៉ះពាល់ដោយសារវិបត្តិប្រេងមិនមែនមាននៅតែកម្ពុជានោះទេ៕