ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី សម្ពោធរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់ នៅក្រុងច្បារមន


(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់អ៊ែដ្យាយល៍ ស្វេតថឺ (ខេមបូឌា) Agile Sweater (Cambodia) នៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានឡើងសម្ដែងនូវភាវរៈកិច្ចនៃការអញ្ជើញចូលរួមរបស់ប្រធាន និងរាយការណ៍អំពីសមិទ្ធផល ការងារសម្រេចបានរបស់ខេត្តកំពង់ស្ពឺ ក្នុងរយៈពេលកន្លងមក។

នាឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត ក្រសួង ស្ថាប័នពាក់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកវិនិយោគ ទាំងក្នុងស្រុក និងមកពីក្រៅប្រទេស ដែលបានផ្តល់ការទុកចិត្តចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយជាពិសេសបានជ្រើសរើសយកខេត្តកំពង់ស្ពឺ ធ្វើជាទីតាំងសាងសង់រោងចក្រ សហគ្រាស ដើម្បីផលិត និងនាំចេញ ដែលផ្តល់ទាំងឱកាសការងារ និងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងធ្វើឲ្យអ្នកខេត្តកំពង់ស្ពឺ កាន់តែមានជីវភាពល្អប្រសើរឡើង។

សូមជម្រាបថា ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់អភិបាលរង នៃគណៈអភិបាលខេត្ត ប្រធានក្រុមការងារចុះជួយក្រុង ថ្នាក់ដឹកនាំខេត្ត គណៈអភិបាលក្រុង ព្រមទាំង ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ដៃគូជីវកម្ម កម្មករ កម្មការិនី ប្រជាពលរដ្ឋ ចូលរួមប្រមាណជាង៩០០នាក់៕