ក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៥ សាធារណជនអាចចូលទស្សនាដោយសេរី នូវភាពយន្តកម្ពុជាចំនួន ៦០ចំណងជើង រយៈពេល០៦ថ្ងៃ តាមរោងភាពយន្តក្នុងរាជធានីភ្នំពេញ


ថ្លែងក្នុងពិធីបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៥ នៅសាលសន្និសីទចតុម្មុខ នាល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានមានប្រសាសន៍ថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៥ ឆ្នាំ២០២៦ គឺជាវេទិកាដ៏មានសារសំខាន់សម្រាប់ផ្សារភ្ជាប់វិស័យភាពយន្តកម្ពុជា ជាមួយសហគមន៍ភាពយន្តអន្តរជាតិហើយបានក្លាយជាព្រឹត្តិការណ៍ភាពយន្តដ៏ធំបំផុតក្នុងប្រទេស និងតំបន់អាស៊ាន ដែលមានភាពយន្តប្រមាណ១៥០ចំណងជើង មកពី៤០ប្រទេស ក្នុងនោះភាពយន្តកម្ពុជាចំនួន ៦០ចំណងជើង នឹងធ្វើការចាក់បញ្ចាំងរយៈពេល០៦ថ្ងៃនៅលើផ្ទាំងសំពត់សនៃរោងភាពយន្តជាច្រើនក្នុងរាជធានីភ្នំពេញ ដើម្បជូនសាធារណជនទស្សនាដោយសេរី។

អញ្ជើញចូលរួមក្នុងពិធីបើកមហោស្រពឱនាកាសនោះ មានវត្តមានឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវជាឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ឯកឧត្តម លោកជំទាវតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងផលិតករ សិល្បករភាពយន្តជាច្រើនរូប។

សូមបញ្ជាក់ជូនថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៥នេះ នឹងរៀបចំចាប់ថ្ងៃទី២៤ ដល់ថ្ងទី២៩ ខែមីនា ឆ្នាំ២០២៦ ដោយធ្វើចាក់បញ្ចាំងស្នាដៃភាពយន្តប្រមាណ១៥០ចំណង មកពី៤០ប្រទេសជូនសាធារណជនទស្សនាដោយសេរី នៅរោងភាពយន្តនានាក្នុងរាជធានីភ្នំពេញ ព្រមទាំងមានកម្មវិធីអមមួយចំនួនទៀត៕