ឯកឧត្តម វ៉ាង វិនពីន គូសរំលេចថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ភាគឦសាន និងភាគកណ្តាល-ខាងលិចនៃប្រទេសកម្ពុជា


ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះការដាក់ឱ្យប្រជាពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមការងារផ្លូវការ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានរំលេចថា នេះគឺជាស្ពានវែងបំផុតដែលសាងសង់ឡើងដោយប្រទេសចិននៅកម្ពុជា និងជាសមិទ្ធផលថ្មីដែលចិន និងកម្ពុជាឣនុវត្តរួមគ្នានូវគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។ ស្ពាននេះនឹងក្លាយជាស្ពានដ៏សំខាន់មួយដែលតភ្ជាប់ផ្លូវជាតិលេខ ៦ និង៧ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ភាគឦសាន និងភាគកណ្តាល-ខាងលិចនៃប្រទេសកម្ពុជា។ ស្ពាន និងផ្លូវថ្នល់ដែលសាងសង់ឡើងដោយប្រទេសចិននៅកម្ពុជានៅតែបន្តពង្រីកឥតឈប់ឈរ។ ការអភិវឌ្ឍរបស់ប្រទេសកម្ពុជានៅតែបន្តឆ្ពោះទៅមុខឥតឈប់ឈរ។

គួរជម្រាបជូនថា ស្ពាននេះត្រើយខាងកើតស្ថិតក្នុង ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចស្ថិតក្នុង ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលមានប្រវែងសរុប ១.៧៦១ម ទទឹង ១៣,៥ម ក្នុងនោះ គន្លងផ្លូវរថយន្តមាន ២គន្លង ទទឹង (៣,៥ម x ២), គន្លងផ្លូវទោចក្រយានមាន ២គន្លង ទទឹង (១,៧៥ម x ២), គន្លងផ្លូវថ្មើរជើងមាន ២គន្លង ទទឹង (១ម x ២), និងបង្កាន់ដៃស្ពានសងខាង ទទឹង (០,៥០ម x ២) មានសសរជើងស្ពានចំនួន ៣៦ដើម និងផ្លូវនាវាចរណ៍មានទំហំ ១០០ម x ១៥ម ផងដែរ។

គម្រោងសាងសង់ស្ពាន និងកំណាត់ផ្លូវតភ្ជាប់ ដែលត្រូវបានប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ប្រមាណជាង ១១៤លានដុល្លារអាម៉េរិក និងសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន(WACC) បានប្រារព្ធពិធីបើកការដ្ឋាននៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

“ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” និងកំណាត់ផ្លូវតភ្ជាប់ នឹងចូលរួមបម្រើដល់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុងរបស់កម្ពុជាឱ្យកាន់តែមានភាពប្រទាក់ក្រឡា ជាពិសេសជំរុញកំណើនដឹកជញ្ជូនក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ នៅតាមបណ្តាខេត្តស្ថិតក្នុងភូមិភាគឦសាន។

បន្ថែមពីនេះ ស្ពាននេះនឹងជួយសម្រួលដល់ការធ្វើដំណើរផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ការធ្វើដំណើររបស់សិស្សានុសិស្សទៅសាលារៀន និងការធ្វើដំណើររបស់បងប្អូនទៅកាន់មន្ទីរពេទ្យ ជាពិសេសនៅគ្រាអាសន្ន ឬពេលយប់ព្រលប់ដោយពុំចាំបាច់ចំណាយពេលវេលា និងប្រាក់កាស ក្នុងការឆ្លងសាឡាង និងមានសុវត្ថិភាពខ្ពស់។ លើសពីនេះ គម្រោងខាងលើនឹងចូលរួមផងដែរក្នុងការលើកកម្ពស់ការតភ្ជាប់អាស៊ាន និងការតភ្ជាប់មហាអនុតំបន់មេគង្គ(GMS) និងអនុតំបន់មេគង្គឡាន-ឆាងផងដែរ៕