ក្នុងពេលប្រេងឥន្ធនៈកំពុងប្រែប្រួលតម្លៃ រាជរដ្ឋាភិបាលសម្រេចវិធានការចាំបាច់មួយចំនួន ដើម្បីជួយសម្រាលការចំណាយរបស់ប្រជាពលរដ្ឋ


ក្នុងពេលដែលតម្លៃប្រេងឥន្ធនៈកំពុងប្រែប្រួលតម្លៃនៅលើទីផ្សារអន្តរជាតិ រាជរដ្ឋាភិបាលបានសម្រេចវិធានការចាំបាច់មួយចំនួន ដើម្បីជួយសម្រាលការចំណាយរបស់ប្រជាពលរដ្ឋ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណាអ្នកនាំពាក្យរាជរដ្ឋាភិបាល។

ថ្លែងក្នុងសន្នីសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់យ៉ាងដូច្នេះថាវិធានការទាំងនោះជារួមមាន៖

ទី១៖ បន្តបញ្ចុះតម្លៃប្រេងចំនួន ៦.៥ សេនដុល្លារក្នុង១លីត្រ ដែលជាការជួយឧបត្ថម្ភផ្ទាល់របស់រាជរដ្ឋាភិបាលទៅលើតម្លៃប្រេងឥន្ធនៈដើម្បីបន្ធូរបន្ទុកប្រជាពលរដ្ឋ។

ទី២៖ បន្តបញ្ចុះតម្លៃ១សេនដុល្លារបន្ថែមទៀតក្នុង១លីត្រ នៅពេលដែលប្រេងសាំងអន្តរជាតិកើនលើសពី ៩០ដុល្លារក្នុង១បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិកើនលើសពី ១០០ដុល្លារក្នុង១បារ៉ែល។

ទី៣៖ បញ្ចុះពន្ធគយដល់ ០ ពោលគឺរដ្ឋមិនយកពន្ធនាំចូលប្រេងតែម្តង

ទី៤៖ បញ្ចុះអាករបន្ថែមលើប្រេងសាំងនិងប្រេងម៉ាស៊ូតដល់ ០(សូន្យ)ដុល្លារ និងបញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូតពី ៤% ដល់ ០% និងបញ្ចុះអាករលើតម្លៃបន្ថែមប្រេងសាំងនិងម៉ាស៊ូតពី ១០% មកត្រឹម ៤% ប៉ុណ្ណោះ ដោយរាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកជំនួសចំពោះអាករលើតម្លៃបន្ថែមចំនួន ៦% ដែលត្រូវបានកាត់ចេញ។

សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តតាមដាន ស្ថានភាពប្រេងឥន្ធនៈនៅលើទីផ្សារដោយយកចិត្តទុកដាក់បំផុត ដើម្បីពិនិត្យលទ្ធភាពដាក់ចេញនូវវិធានការអន្តរាគមន៍បន្ថែមឱ្យបានទាន់ពេលវេលា ក្នុងករណីចាំបាច់៕