ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបើកកិច្ចប្រជុំសាមញ្ញរបស់ខ្លួន លើកទី៥ ឆ្នាំទី៤ អាណត្តិទី២ ដើម្បីពិភាក្សាលើរបៀបវារៈចំនួន៦សំខាន់ៗ។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឈុន សុង សមាជិកាក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ជុក សុផានី អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងបានការចូលរួមពីសមាជិក ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលស្រុក-ក្រុង កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីសភាពាណិជ្ជកម្មខេត្ត និងប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្តជាច្រើនរូបផងដែរ។
របៀបវារៈនៃកិច្ចប្រជុំទាំង៦នោះរួមមាន៖
១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញ លើកទី៤ ឆ្នាំទី៤ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត។
២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្ត។
៣-ពិនិត្យ និងអនុម័តសេចក្តីព្រាង ស្តីពីការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត។
៤-ពិនិត្យ និងអនុម័តសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីសមាសភាពគណៈកម្មការរៀបចំគម្រោងខេត្ត។
៥-របាយការណ៍គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត។
៦-បញ្ហាផ្សេងៗ៕