ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត៖ «យើងទាំងអស់ត្រូវតែចង់ចាំពីការឈឺចាប់ ការធ្វើបាប និងការបំផ្លិចបំផ្លាញអាយុជីវិតប្រជាជនស្លូតត្រង់ និងហេដ្ឋារចនាសម្ព័ន្ធជាតិ ពីសំណាក់ទាហានឈ្លានពានថៃ»


ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល បានលើកឡើងថា «យើងទាំងអស់គ្នា ក្នុងនាមជាយុវជន ត្រូវចង់ចាំឱ្យបានច្បាស់ពីមហិច្ឆតាឈ្លានពាន ក៏ដូចជាការរំលោភមកលើអធិបតេយ្យភាព ពីសំណាក់យោធាថៃមកលើបូរណភាពទឹកដីកម្ពុជា។ យើងទាំងអស់ត្រូវតែចង់ចាំពីការឈឺចាប់ ពីការធ្វើបាប និងការបំផ្លិចបំផ្លាញនូវអាយុប្រជាជនស្លូតត្រង់ និងហេដ្ឋារចនាសម្ព័ន្ធជាតិ មានជាអាទិ៍ ផ្ទះសម្បែងប្រជាជន ផ្លូវថ្នល់ វត្តអារាម មន្ទីពេទ្យ សាលារៀន ប្រាង្គប្រាសាទ និងមិនត្រូវភ្លេចខ្លួន ត្រូវតែធ្វើសកម្មភាពជាយុទ្ធសាស្ត្រការពារទឹកដីរបស់យើង»

ឯកឧត្តមបណ្ឌិត លើកឡើងបែបនេះក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល (យ.គ.ក.) អញ្ជើញជាអធិបតីភាពក្នុងវេទិកា «ពិភាក្សាជាមួយយុវជនគណបក្សខេត្តបាត់ដំបង» នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានជម្រាបពីការខិតខំប្រឹងប្រែងរបស់ប្រមុខគណបក្ស ក៏ដូចថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងស្ថានភាពការឈ្លានពានខុសច្បាប់របស់ប្រទេសថៃ ព្រមជាមួយយន្តការដោះស្រាយជម្លោះប្រកបដោយសន្តិវិធី មានជាអាទិ៍ តាមរយៈយន្តការទូត និងច្បាប់អន្តរជាតិ និងយន្តការសារព័ត៌មានផ្សព្វផ្សាយពីការពិតនិងការបាត់បង់ជីវិតប្រជាជនស្លូតត្រង់ ដល់មជ្ឈដ្ឋានជាតិនិងអន្តរជាតិឱ្យយល់ច្បាស់ពីការរំលោភបំពានលើបូរណភាពទឹកដីកម្ពុជាពីសំណាក់ប្រទេសថៃ។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតបានលើកឡើងពីការប្តេជ្ញាចិត្ត និងការខិតខំរបស់ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាត់បង់លំនៅដ្ឋាននិងដីថ្លីរបស់ខ្លួន និងជំហរយ៉ាងម៉ុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការទាមទារយកមកវិញនូវទឹកដី ដែលត្រូវកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃ និងទាហ៊ានថៃដោយមិនមានការយល់ព្រមដោះដូរអ្វីមួយនោះទេ។

ទន្ទឹមនិងនេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានណែនាំយុវជនគណបក្សគ្រប់បណ្តាថ្នាក់ ត្រូវបន្តពង្រឹងសាមគ្គីភាពនិងឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ និងលើកកម្ពស់ស្មារតីស្នេហាជាតិ ក្នុងស្ថានភាពប្រទេសកម្ពុជាត្រូវបានឈ្លានពានដោយខុសច្បាប់ពីសំណាក់យោធាថៃ និងជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់ល្បិចកលចិត្តសាស្រ្តរបស់សត្រូវ ក្នុងការបំបែកបំបាក់ផ្ទៃក្នុងកម្ពុជា។

លើសពីនេះ ឯកឧត្តមបណ្ឌិត បានណែនាំត្រូវបន្តលើកកម្ពស់ស្មារតីស្នេហាជាតិ និងបូរណភាពទឹកដី ដោយបន្តគាំទ្រជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ជាប្រមុខគណបក្សដ៏មុតមាំ ព្រមទាំងត្រូវបន្តគាំទ្រជឿជាក់លើរាជរដ្ឋាភិបាល ដែលមានសម្តេចបវរធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្ស ដែលសម្តេចថ្នាក់ដឹកនាំទាំងពីរ តែងគិតគូរយកចិត្តទុកដាក់ ដោះស្រាយបញ្ហា ដោយយកអាយុជីវិតប្រជាពលរដ្ឋ និងទឹកដីជាធំ ដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញរបស់ប្រទេសយើង។

ជាងនេះទៅទៀត ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានអំពាវនាវឱ្យសមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជាទាំងអស់ យល់យ៉ាងច្បាស់ពីគោលជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រួមមានតាមរយៈយន្តការច្បាប់អន្តរជាតិ ការទូត និងមធ្យោបាយព័ត៌មាន ដើម្បីយកទឹកដីរបស់យើងមកវិញឱ្យទាល់តែបាន៕