សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ និងនាយឧត្តមសេនីយ៍ ស ថេត ស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃើញអ្នកបើកបររថយន្តពិតប្រាកដ ដែលបុកមនុស្សស្លាប់ទាំង ៦នាក់ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង


(ភ្នំពេញ)៖ តាមរយៈសំណេរបង្ហោះលើបណ្តាញសង្គមផ្លូវការ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាឱ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ធ្វើការស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃើញអ្នកបើកបររថយន្តពិតប្រាកដ ដែលបុកមនុស្សស្លាប់ទាំង៦នាក់ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។

សម្តេចបវរធិបតី បានសរសេរបង្ហោះជាមួយខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖

ខ្ញុំបានឃើញមានការបញ្ចេញមតិជាច្រើនពាក់ព័ន្ធជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលកើតឡើងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលមនុស្សចំនួន ៦នាក់ត្រូវបានស្លាប់ រួមទាំងទារកនៅក្នុងផ្ទៃមាតាផងដែរ ដែលបង្កឡើងដោយរថយន្តមួយគ្រឿង បុកពួកគាត់ហើយរត់គេចខ្លួនបាត់។

ជាមួយនឹងការសម្តែងការសោកស្តាយដល់ជនរងគ្រោះ មានបងប្អូនមួយចំនួនក៏បានសម្តែងការព្រួយបារម្ភ អំពីការដែលអ្នកប្រព្រឹត្តិអាចមិនត្រូវបានទទួលទោស ដោយសារមានគ្រួសារជាមន្ត្រី។

ជាដំបូង ខ្ញុំសូមចូលរួមមរណ:ទុក្ខជាមួយនឹងក្រុមគ្រួសារសពនៃជនរងគ្រោះទាំង៦នាក់ និងសូមវិញាណក្ខន្ធអ្នកទាំងអស់គ្នា បានទៅកាន់សុខគតិភពកុំបីឃ្លាតឡើយ។

ចំពោះការទទួលខុសត្រូវតាមផ្លូវច្បាប់ ក្នុងករណីនេះ ខ្ញុំបានចេញបទបញ្ជាឱ្យឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ត្រូវធ្វើការស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃើញអ្នកដែលបើកបររថយន្តពិតប្រាកដ ដែលបុក មនុស្សស្លាប់ទាំង៦នាក់នេះ ហើយអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ។

ក្នុងពេលជាមួយគ្នានេះដែរ ខ្ញុំក៏សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋយើង ធ្វើការបើកបរដោយប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់ ជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅពេលខាងមុខ។

ខ្ញុំសូមរំលឹកឡើងវិញផងដែរ ចំពោះការបើកបរដោយមិនគោរពច្បាប់ជាពិសេសការបើកបរដោយស្ថិតក្រោមស្ថានភាពស្រវឹង ដែលបានបង្កឱ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតអ្នកដទៃ និងត្រូវទទួលខុសត្រូវតាមច្បាប់យ៉ាងតឹងរឹងបំផុត ដោយគ្មានការលើកលែង ដូចបានអនុវត្តនៅពេលកន្លងមក។

គណ:បញ្ជាការឯកភាពរាជធានី-ខេត្ត ជាពិសេសសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ឱ្យបានម៉ឺងម៉ាត់ក្នុងការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសដែលបងប្អូនប្រជាជនខ្មែរនឹងត្រូវធ្វើដំណើទៅស្រុកកំណើត ឬដំណើរកម្សាន្តពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕