(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បានរៀបចំ «កិច្ចពិភាក្សាស្តីពី ការចូលរួមរបស់ភាគីពាក់ព័ន្ធ ដើម្បីគាំទ្រការអនុវត្តគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និង លំនៅឋានតម្លៃសមរម្យ» ក្រោមអធិបតីភាពឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ផារ៉ា មង្គល រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ជាតំណាងរបស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់។
កិច្ចពិភាក្សានេះក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ; អង្គការជាតិ និង អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍ និង ក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន ក្រោមការសម្របសម្រួលរបស់អគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជននៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលជាលេខាធិការដ្ឋាននៃគណៈកម្មាធិការអន្តរក្រសួង សម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានសង្គម និង លំនៅឋានតម្លៃសមរម្យ។
ក្នុងកិច្ចពិភាក្សានេះ, តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចែករំលែកអំពីទិដ្ឋភាពទូទៅ និង បញ្ហាប្រឈមក្នុងវិស័យលំនៅឋានក្នុងប្រទេសកម្ពុជា។ ផ្សារភ្ជាប់ជាមួយទិដ្ឋភាពក្នុងវិស័យលំនៅឋាន, អគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និង ឯកជន ក៏បានធ្វើបទបង្ហាញអំពីខ្លឹមសារសំខាន់ៗនៃ «គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ» ដែលជាការធ្វើបច្ចុប្បន្នកម្ម និង ជំនួសឱ្យ «គោលនយោបាយស្តីពីការលើកទឹកចិត្ត និង ការបង្កើតកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ»។
ជាមួយគ្នានេះ, ដើម្បីជាមូលដ្ឋានក្នុងការកំណត់យន្តការគាំទ្រ ក្នុងការអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព និង ឈានដល់ការអភិវឌ្ឍគម្រោងសាកល្បង, តំណាង Bamnang Academy, អង្គការលំនៅឋានមនុស្សជាតិកម្ពុជា, រដ្ឋបាលខេត្តសៀមរាប ក៏បានបង្ហាញអំពីទស្សនាទាន និង ម៉ូឌែលនៃការអភិវឌ្ឍគម្រោងទាំង ៣ប្រភេទ ដូចមានចែងក្នុងគោលនយោបាយ រួមមាន៖ (១) លំនៅឋានតម្លៃសមរម្យសម្រាប់ជួល; (២) លំនៅឋានសង្គម, និង (៣) លំនៅឋានតម្លៃសមរម្យកម្មសិទ្ធិ។
ជាលទ្ធផល, អង្គប្រជុំ បានចូលរួមកិច្ចពិភាក្សាដោយយកចិត្តទុកដាក់ និង លើកឡើងនូវមតិយោបល់យ៉ាងផុសផុល ប្រកបទៅដោយភាពប្រាកដនិយម ដែលកិច្ចពិភាក្សានេះ អាចបញ្រ្ជាបការយល់ដឹងអំពីខ្លឹមសារនៃគោលនយោបាយ ជាពិសេសពាក់ព័ន្ធនឹងយន្តការអនុវត្តគម្រោង, ជម្រើសហិរញ្ញប្បទានសម្រាប់ការអនុវត្តគម្រោង, និង នីតិវិធីនៃការដាក់ពាក្យស្នើសុំអភិវឌ្ឍគម្រោង ព្រមទាំងជំរុញកិច្ចពិភាក្សាលើការអនុវត្តគម្រោងសាកល្បង។
ជាមួយគ្នានេះ, ការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធ ក្នុងការបង្កើតសមិទ្ធផល ក្នុងវិស័យលំនៅឋានជាមួយរាជរដ្ឋាភិបាល ពិតជាមានសារៈសំខាន់ ដើម្បីជំរុញការផ្គត់ផ្គង់លំនៅឋានដែលស្របតាមលទ្ធភាព និងតម្រូវការរបស់ប្រជាជនកម្ពុជា ជាពិសេសប្រជាជនចំណូលកម្រិតទាប មធ្យម និង ក្រុមជនងាយរងគ្រោះ។
លើសពីនេះ, ការបង្កើនការចូលរួមពីវិស័យឯកជន ក៏ជាកត្តាសំខាន់ក្នុងការពន្លឿនការផ្គត់ផ្គង់ លំនៅឋាននៅកម្ពុជា តាមរយៈការនាំមកនូវ ធនធាន បច្ចេកវិទ្យា និងនវានុវត្តន៍៕















